រាជធានីភ្នំពេញ ៖ ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩កំពុងតែរាតត្បាតឥតឈប់ឈរនៅកម្ពុជា ជាហេតុបង្កឲ្យមានអ្នកឆ្លងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯស្លាប់បាត់បង់ជីវិតព្រោះជំងឺកូវីដ១៩ក៏ហាក់កាន់តែមានចំនួនច្រើនឡើងជាលំដាប់ផងដែរ ខណៈអ្នកដែលមានសាច់ញាតិ បងប្អូន ឬក្រុមគ្រួសារដែលបាត់បង់ជីវិតគឺពិតជាពិបាកទទួលយកណាស់។

ជាមួយគ្នានេះផងដែរ ក្រុមគ្រូពេទ្យកម្ពុជាក៏នៅតែបន្តយកចិត្តទុកដាក់ព្យាបាល ថែទាំអ្នកជំងឺ និងស្វះស្វែងធ្វើកិច្ចការធ្ងន់ស្រាលជាច្រើនខណៈនៅពេលដែលមានពលរដ្ឋណាម្នាក់បានស្លាប់ព្រោះជំងឺកូវីដ១៩។ តួយ៉ាងបើយោងតាមរបស់គណនីហ្វេសប៊ុកឈ្មោះ Dr. Huy Rithy បានបង្ហោះរូបភាពគួរឲ្យរំជួលចិត្តមួយចំនួនអមជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា «មិនមែននៅបរទេសទេ គឺនៅកម្ពុជាយើង! សូមបងប្អូនកុំមើលស្រាល កុំធ្វេសប្រហែសជាមួយជំងឺដ៏កាចសាហារមួយនេះ បើស្រឡាញ់ គ្រួសារ​ ប្រពន្ធកូនដែលនៅផ្ទះ សូមប្រុងប្រយ័ត្នឲ្យបានល្អបំផុត សូមចូលរួមតាមវិធានការ ៣កុំ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល!»៕