រាជធានីភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅគណៈបញ្ជាការឯកភាពស្រុក ចំនួន៤ ជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវពង្រឹងការឆ្លងដែនឲ្យតឹងរឹងជាងមុន ខណៈការចម្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា ភាគច្រើនគឺជាពលករមកពីប្រទេសថៃ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធការអនុវត្តន៍វិធានការបិទខ្ទប់ នៅថ្ងៃទី២៩ ខែកក្កដា លោក ងួន រតនៈ បានមានប្រសាសន៍ថា អាជ្ញាធរស្រុកកំរៀង ភ្នំព្រឹក សំពៅលូន និងស្រុកសំឡូត ជាស្រុកជាប់ព្រំដែនប្រទេសថៃ មិនត្រូវបន្ធូរដៃឡើយ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយត្រូវរឹតបន្តឹងឲ្យបានខ្លាំងជាងមុន ដោយសហការជាមួយភាគីពាក់ព័ន្ធអនុវត្តឲ្យបានហ្មត់ចត់ពាក់ព័ន្ធការលួចឆ្លងដែន ខុសច្បាប់ ។

លោកថា មួយវិញទៀត រហូតមកដល់ពេលនេះ បាត់ដំបងបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រភេទបម្លែងថ្មីចំនួន៧នាក់ត្រូវបានជាសះស្បើយ មួយចំនួន៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកជាប់ព្រំដែនថៃ ហើយបច្ចុប្បន្នវីរុសកូវីដ១៩ ប្រភេទបម្លែងថ្មីមិនទាន់មានឆ្លងរាលដាល ក្នុងសហគមន៍ខេត្តនោះទេ និងតាមក្រុងស្រុក ត្រូវចាត់វិធានការទប់ស្កាត់ឲ្យបានតឹងរឹងបំផុត នូវបទល្មើសលេងល្បែងស៊ីសងព្រោះមានករណី ឆ្លងកូវីដ១៩ ជាច្រើនករណីតាមរយៈអ្នកលេងល្បែងនេះ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា សកម្មភាពឆ្លងដែនរបស់ពលករខ្មែរពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង ជាមធ្យមមានចំនួនក្រោម ១០០នាក់ ខណៈកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានអ្នកមកពីថៃតាមច្រកខេត្តបាត់ដំបងត្រឹម២៦នាក់ប៉ុណ្ណោះ និងបច្ចុប្បន្នមានអ្នកកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងខេត្តចំនួន២៥៦៣នាក់។

សូម រំលឹកថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣០៤១នាក់ មកពីប្រទេសថៃ ៦១៧នាក់ព្រឹត្តិការណ៍២០កុម្ភៈ ២៤១៥នាក់ ព្យាបាលជាសះស្បើយសរុប១៨១៩នាក់ ករណីស្លាប់៣៧នាក់ និងកំពុងសំរាកព្យាបាល១១៨៥នាក់៕