រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្លៀកខោខ្លីសាច់សខ្ចីម្នាក់ បានជិះម៉ូតូកង់បីមកឈប់នៅលើ ស្ពាន ជ្រោយចង្វា ទាំងកណ្តាលអធ្រាត្រ គោលបំណងមកអង្គុយលេងលម្ហែកាយ បែរម្ចាស់កង់បីយល់ច្រឡំ គិតថា នាងគិតខ្លីប៉ងលោតទឹកសម្លាប់ខ្លួន ក៏រត់ទៅប្តឹងសមត្ថកិច្ចនៅគោលដៅស្ពានជ្រោយចង្វាឱ្យជួយអន្តរាគមន៍។

ករណីនេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា។

នារីដែលម្ចាស់ម៉ូតូកង់បីយល់ច្រឡំថា នាងគិតខ្លីចង់សម្លាប់ខ្លួននោះ បានឱ្យដឹង ថា រូប នាង ឈ្មោះ ស្រី ម៉ាច មាន អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិក ភោជនីយដ្ឋានស្នាក់នៅបន្ទបជួលម្តុំលូប្រាំផ្លូវវេងស្រេង សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ នាងជិះម៉ូតូកង់បីមកលេងលើស្ពានជ្រោយចង្វារចាស់នេះ គ្មានបំណងគិតខ្លីចង់លោតទឹកសម្លាប់ខ្លួនអ្វីនោះទេ គឺនាងមកដើម្បីអង្គុយលម្ហែយកខ្យល់អាការបរិសុទ្ធពេលរាត្រីតែប៉ុណ្ណោះ៕