រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ បានឆ្លងដែនដោយហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន បាន ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង៦នាក់ដែលឃាត់ខ្លួនមាន៖១/-ឈ្មោះហុង សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ,២/- ឈ្មោះម៉ៅ រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ,៣/- ឈ្មោះអ៊ី រស្មី ភេទប្រុស អាយុ៣២ឆ្នាំ,៤/-ឈ្មោះហុង ស្រីរៀម ភេទស្រី អាយុ៣០ឆ្នាំ,៥/- ឈ្មោះហុង យូអ៊ីន ភេទស្រី អាយុ៨ឆ្នាំ,៦/- ឈ្មោះអ៊ំ គីមអ៊ី ភេទស្រី អាយុ១៥ឆ្នាំ អ្នកទាំងអស់គឺជាអាជីករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ ដែលមានទីលំនៅ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរ:សេនីយ៍ត្រីសែម សាមឿនបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំង៦នាក់នោះបានប្រគល់ទៅឲ្យ អាជ្ញាធរក្រុងប៉ោយប៉ែតដើម្បីដឹកយកទៅធ្វើតេស្តរកមេរោគកូវីត.១៩ នៅចំណុចសំចត ( CQ2 )នៃសាលាវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕