រដ្ឋធានីញូវដេលី៖ យុវតីវ័យក្មេងម្នាក់ គ្រាន់តែស្លៀកខោខាវប៊យសោះ បែរជាសាច់ញាតិ ខឹងសម្បា នាំគ្នាវាយធ្វើបាបនាង រហូតដល់បាត់បង់ជីវិត ហើយអំពើដ៏ព្រៃផ្សៃនេះ បានកើតឡើង ដោយសារពួកគេមិនចូលចិត្ដ ឃើញស្រ្ដីៗស្លៀកពាក់បែបនេះ។

សារព័ត៌មាន Insider បានចេញផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ថា ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ ត្រូវបានសាច់ញាតិ នាំគ្នាវាយធ្វើបាបនាង រហូតដល់បាត់បង់ជីវិត។ សកម្មអមនុស្សធម៌ ព្រៃផ្សៃ និងខ្វះការគិតពិចារណានេះ បានកើតឡើង ក្រោយពេលពួកគេឃើញនាងស្លៀកពាក់ខោខាវប៊យ ដែលពួកគេមិនពេញចិត្ត។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកក្កដាថា បើតាមសេចក្ដីរាយការណ៍ពីយុវតី និងស្រ្ដីជាច្រើនថា អំពើឃោរឃៅនេះ បង្កឡើង ដោយសារសមាជិកគ្រួសារ។ ករណីឃាតកម្មនេះ កំពុងតែបង្កឲ្យមានការជ្រួលច្របល់ នៅក្នុងប្រទេសឥណ្ឌា ជុំវិញការរើសអើង ប្រឆាំងនឹងស្ដ្រីភេទ។

ក្មេងស្រី Neha Paswan វ័យ១៧ឆ្នាំ កាលពីសប្ដាហ៍កន្លងទៅ ត្រូវបានគេរាយការណ៍ថា សមាជិកក្រុមគ្រួសារទាំងអស់របស់នាង បានវាយនាង រហូតដល់ស្លាប់ ដោយសារពួកគេ មិនចូលចិត្តនឹងនាងស្លៀកពាក់ខោខាវប៊យ។ អំពើព្រៃផ្សៃនេះ បានកើតឡើង នៅភាគខាងជើង រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ។

អ្នកស្រី Shakuntala Devi Paswan ត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះ បានប្រាប់សារព័ត៌មាន BBC Hindi ថា ក្មេងស្រីរងគ្រោះត្រូវបានជីតា ឪពុកមា និងម្ដាយមីង ជាច្រើននាក់ វាយនឹងដំបង បណ្ដាលឲ្យរងរបួសធ្ងន់ រហូតបាត់បង់ជីវិត។ អំពើឃាតកម្មនេះ បានកើតឡើង ក្រោយពេលមានជម្លោះ ជុំវិញការស្លៀកពាក់ខោខាវប៊យ នៅក្នុងផ្ទះរបស់ពួកគេ នៅភូមិ Savreji Kharg ស្រុក Deoria ។

លោក Shriyash Tripathi មន្រ្ដីប៉ូលិសជាន់ខ្ពស់ បានប្រាប់ BBC Hindi ថា ប៉ូលិសបានកសាងសំណុំរឿងឃាតកម្ម និងការបំផ្លាញវត្ថុតាង ប្រឆាំងនឹងមនុស្ស ចំនួន១០នាក់ ដែលជាសមាជិកគ្រួសាររបស់ក្មេងស្រីរងគ្រោះ រួមមាន ជីតា ឪពុកមា ម្ដាយមីង បងប្អូនជីដូនមួយ និងអ្នកបើករថយន្ដ។ ប៉ុន្ដែក្នុងចំណោមជនសង័្សយទាំងនោះ ប៉ូលិសបានចាប់ខ្លួន ចំនួន៤នាក់ រួមមាន ជីតា២នាក់ ឪពុកមាម្នាក់ និងអ្នកបើករថយន្ដម្នាក់ ។

មន្រ្ដីប៉ូលិសរូបនេះ បានបញ្ជាក់ថា ជនសង័្សយ ដែលត្រូវបានចាប់ខ្លួន កំពុងស្ថិតក្នុងការសួរចម្លើយនៅឡើយ។ ប៉ុន្ដែប៉ូលិសកំពុងតែស្រាវជ្រាវ តាមចាប់ខ្លួនអ្នកពាក់ព័ន្ធបន្ថែមទៀត៕