បរទេស៖ រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី នៅតែបន្ដមានអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ ប្រចាំថ្ងៃ កាន់តែខ្លាំងឡើង ដោយមានអ្នកបាត់បង់ជីវិតថ្មី ជាង២ ០០០នាក់។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ចំនួន ២ ០៦៩នាក់ និងមានករណីឆ្លងថ្មី ៤៥ ២០៣នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣,២លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៨៦ ៨៣៥នាក់ និងមានអ្នកជាសះស្បើយ ជិត២,៦លាននាក់ ហើយអ្នកជំងឺជាង៥,៥សែននាក់ កំពុងសម្រាកព្យាបាល។

ដោយឡែក ប្រទេសដែលមានអ្នកបាត់បង់ជីវិតប្រចាំថ្ងៃច្រើន បន្ទាប់ពីឥណ្ឌូនេស៊ី គឺប្រេស៊ីល និងរុស្ស៊ី។ ប្រេស៊ីលមានករណីស្លាប់ថ្មី ១ ៣២០នាក់ និងករណីឆ្លងថ្មី ៤១ ៤១១នាក់។ ប្រេស៊ីល ជាប្រទេស មានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១៩,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៥៥១ ៩០៦នាក់ និងមានអ្នកជាសះស្បើយ ជាង១៨,៤លាននាក់។

រុស្ស៊ីមានករណីស្លាប់ថ្មី ៧៧៩នាក់ និងករណីឆ្លងថ្មី ២៣ ០៣២នាក់។ ប្រទេសមហាអំណាច ដែលមានផ្ទៃដីធំធេង លាតសន្ធឹង តាំងពីទ្វីបអាស៊ី រហូតដល់ទ្វីបអឺរ៉ុបមួយ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៥៥ ៣៨០នាក់ និងមានអ្នកជាសះស្បើយ ជាង៥,៥លាននាក់។

គិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាលើកដំបូង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ មានប្រទេស និងដែនដី ចំនួន២២២ កំពុងតែរងគ្រោះពីវិបត្ដិសុខភាពជាសកលនេះ៕