សិង្ហបុរី៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ (ទី២៧ ខែកក្កដា) បានអញ្ជើញមកដល់សិង្ហបុរី ហើយវត្ដមានរបស់ប្រមុខក្រសួងការពារជាតិរបស់មហាអំណាចលោកខាងលិច នៅក្នុងតំបន់អាស៊ាន ក៏ជាការបង្ហាញនូវសន្ដិភាព ភាពរុងរឿង និងស្ថិរភាព ប៉ុន្ដែត្រូវបានក្រុមអ្នកវិភាគយោធា បង្ហាញទស្សនៈថា សហរដ្ឋអាមេរិក មិនចង់ឲ្យមហាយក្សចិន មានឥទ្ធិពលគ្របដណ្ដប់មកលើតំបន់នេះឡើយ។

សារព័ត៌មាន CNA បានផ្សាយ ថា លោក Lloyd J Austin III រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ច ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ លោក Austin កំពុងតែបំពេញទស្សនកិច្ច នៅក្នុងប្រទេសអាស៊ាន ហើយលោក ក៏ជាសមាជិកគណៈរដ្ឋមន្រ្ដីដំបូងរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ច នាពេលនេះ។ ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិករូបនេះ នឹងស្នាក់នៅក្នុងប្រទេសសិង្ហបុរី ចន្លោះពីថ្ងៃចន្ទ-ពុធ មុនពេលលោកបន្ដដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន។

ក្រោយពេលទទួលការស្វាគមន៍ពីកងកិត្ដិយស នៅព្រឹក ថ្ងៃអង្គារ (ទី២៧ ខែកក្កដា) លោក Austin បានជួបពិភាក្សាជាមួយនឹងលោក Ng Eng Hen រដ្ឋមន្រ្ដីក្រសួងការពារជាតិសិង្ហបុរី ហើយជួបដាច់ដោយឡែកជាមួយនឹងលោក លី សៀនឡុង ( Lee Hsien Loong) នាយករដ្ឋមន្រ្ដីសិង្ហបុរី។

ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បានបញ្ជាក់ថា ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិក និងសិង្ហបុរី បានឯកភាពគ្នា លើទំនាក់ទំនងដ៏អស្ចារ្យ និងយូរអង្វែង រវាងប្រទេសទាំង២។ ភាគីទាំង២ បានសម្ដែងនូវការពេញចិត្ដ ចំពោះកិច្ចសហប្រតិបត្ដិការឲ្យកាន់តែរឹងមាំ ថ្វីបើមានការរីករាលដាល់ ពីជំងឺកូវីដ-១៩ក្ដី។

ក្រសួងការពារជាតិសិង្ហបុរី បានបន្ដថា ក្រៅពីនេះ ប្រមុខក្រសួងការពារជាតិទាំង២ ក៏បានផ្លាស់ប្ដូរទស្សនៈ ជុំវិញការវិវឌ្ឍន៍នូវភូមិសាស្រ្ដនយោបាយ និងបញ្ហាសន្ដិសុខ ក្នុងតំបន់ផងដែឬ។ ភាគីទាំង បានឯកភាពគ្នា លើចំណុចសំខាន់ៗ នៃនិរន្ដរភាពទំនាក់ទំនងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។

ជាមួយនឹងការចុះហត្ថលេខា លើអនុស្សារណៈយោគយល់ ក្នុងការបង្កើតកងទ័ពអាកាសរបស់សាធារណរដ្ឋសិង្ហបុរី ដែលហ្វឹកហ្វឺន នៅកោះហ្គាមរបស់សហរដ្ឋអាមេរិកនោះ ភាគីទាំង២បានគូសបញ្ជាក់ អំពីចំណងមិត្តភាពការពារជាតិ ដែលមានជាយូរមកហើយ និងមានគោលដៅជាច្រើនបន្ដទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី អូស្ទីន ក៏បានថ្លែងអំណរគុណដល់សិង្ហបុរី ចំពោះការគាំទ្រភស្ដុភារ ដែលអនុញ្ញាត់ដល់យន្ដហោះ និងកងនាវា ក៏ដូចជា ការពង្រាយនាវាពិឃាដ US Littoral Combat និងយន្ដហោះ P-8 Poseidon ជាដើម។

ក្រសួងការពារជាតិសិង្ហបុរី បានបន្ដថា ការគាំទ្រនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើជំនឿរួមគ្នាថា វត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ មានសារៈសំខាន់ សម្រាប់សន្តិភាព ភាពរុងរឿង និងស្ថិរភាព។ អ្វីជាការកត់សម្គាល់នោះ កងទ័ពសិង្ហបុរី និងសហរដ្ឋអាមេរិក ត្រូវហ្វឹកហ្វឺនរួមគ្នា នៅក្នុងសមយុទ្ធយោធាទ្វេភាគី និងពហុភាគី ដូចជា សមយុទ្ធលើកទី៣ Pacific Griffin ជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី Austin ក៏បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យតម្លៃដល់វត្ដមានហ្វឹកហ្វឺរបស់កងទ័ពរបស់សិង្ហបុរី នៅលើទឹកដីអាមេរិក។ ប្រមុខក្រសួងការពារជាតិទាំង២ បាននិយាយថា ពួកគេទន្ទឹងរង់ចាំ «ឱកាសបណ្តុះបណ្តាលទ្វេភាគីកម្រិតខ្ពស់ថ្មី រួមទាំងកិច្ចសហប្រតិបត្តិការ នាពេលអនាគត ខណៈសហរដ្ឋអាមេរិក ទទួលការហ្វឹកហ្វឺនដល់យន្តហោះចម្បាំង F-35B របស់សិង្ហបុរី នាពេលអនាគត»៕