រដ្ឋធានីសេអ៊ូល៖ ក្រោយពេលកាត់ផ្ដាច់ការទំនាក់ទំនង កាលពីខែមិថុនា ឆ្នាំ២០២០ នោះមក តែរហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើង និងខាងត្បូង បានព្រមព្រៀងគ្នា តភ្ជាក់ខ្សែទូរស័ព្ទ (Hotline) ឡើងវិញ ដើម្បីឈានដល់ការកសាងនូវទំនុកចិត្ត និងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសបងប្អូនសាច់ឈាមតែមួយនេះកាន់តែមានភាពល្អប្រសើរឡើងវិញ។

បើតាមការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំ នៃប្រទេសទាំង២ បានព្រមព្រៀងគ្នា កសាងនូវទុកចិត្ដ និងធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងវិញ។ មេដឹកនាំទាំង២ បានផ្ញើលិខិតផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក ចាប់តាំងពីខែមេសា មកម៉្លេះ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា ថា កូរ៉េខាងជើង បានកាត់ផ្ដាច់ខ្សែទូរស័ព្ទ hotline នៅក្នុងខែមិថុនា ឆ្នាំ២០២១ ក្រោយពេលទំនាក់ទំនង ត្រូវបរាជ័យ នៅក្នុងជំនួបកំពូល រវាងប្រទេសបងប្អូនទាំង២នេះ។ ភ្លាមៗនោះដែរ កូរ៉េខាងជើង បានបំផ្ទុះកម្ទេចការិយាល័យអន្ដរកូរ៉េ នៅតាមព្រំដែន ដែលត្រូវបានកសាងឡើង សម្រាប់ធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង។

បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា «បើតាមកិច្ចព្រមព្រៀង ដែលធ្វើឡើង រវាងមេដឹកនាំទាំង២ គឺកូរ៉េខាងត្បូង និងខាងជើង បានដាក់ចេញនូវវិធានការ បើកឲ្យប្រតិបត្ដិការខ្សែទំនាក់ទំនងឡើងវិញនូវអន្ដរកូរ៉េ ចាប់ពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ មេដឹកនាំកំពូលបានឯកភាពគ្នា ធ្វើឱ្យមានការបោះជំហាន ក្នុងការស្វែងរកនូវទំនុកចិត្តគ្នាទៅវិញទៅមក និងជួយជំរុញឲ្យមានការផ្សះផ្សាគ្នា» ។ ប៉ុន្ដែបើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា តំណាងមកពីភាគីទាំងពីរ បាននិយាយគ្នា តាមទូរស័ព្ទ រយៈពេល៣នាទី។

ប្រទេសកូរ៉េទាំង២ នៅតែរក្សាយុទ្ធសាស្រ្ដសង្គ្រាម ព្រោះតែសង្រ្គាមកូរ៉េ ចន្លោះពីឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅ ក្រោមបទឈប់បាញ់គ្នា ដោយមិនមែនជាសន្ធិសញ្ញាសន្ដិភាពនោះឡើយ៕