រហូតមកដល់ពេលនេះ ទាំងនៅកម្ពុជា បណ្ដាប្រទេសជិតខាង ក៏ដូចជា នៅលើពិភពលោក កំពុងតែប្រជែងគ្នា បង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានគ្រប់ចំនួនតាមការកំណត់របស់ខ្លួន ដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ សម្រាប់បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។

សារព័ត៌មាន The Nation បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៧ ខែកក្កដា ថា ថៃ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ចំនួន ១៦ ០៩៩ ៦៧០នាក់។

បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ-ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួន ចំនួន ៦ ៩០៦ ២៣៦នាក់។

វៀតណាម បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុប ៤ ៦១៣ ៤៩១នាក់ ។ នេះបើតាម Ourworldindata.org ។

ឡាវ បានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ចំនួន ១ ៧៧៧ ១៤០នាក់៕