រដ្ឋធានីណៃពិដោរ៖ ក្រោយការធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរួចមក មេដឹកនាំយោធាភូមា បានប្រឌិតសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី ប្រឆាំងនឹងលោកស្រី អ៊ុង សានស៊ូជី ម្ចាស់ពានរង្វាន់ ណូប៊ែលសន្ដិភាពពិភពលោក ហើយទាត់ចោលលទ្ធផលបោះឆ្នោត ឆ្នាំ២០២០ ខណៈជ័យជម្នះបានទៅលើលោកស្រី។

សារព័ត៌មានសិង្ហបុរី CNA បានផ្សាយថា របបគ្រប់គ្រងយោធាភូមា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានទាត់ចោលលទ្ធផល នៃបោះឆ្នោត ឆ្នាំ២០២០ ខណៈគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដី។ ប៉ុន្ដែពួកយោធា បានបដិសេធាថា ការបោះឆ្នោតនោះមិនត្រឹមត្រូវ និងយុត្ដិធម៌។

ប្រទេសភូមា បានធ្លាក់ចូលកាន់តែជ្រៅទៅក្នុងវិបត្ដិនយោបាយ ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង ដឹកនាំយោធាធ្វើរដ្ឋប្រហារ រឹបអូសអំណាច និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានសូជី (Aung San Suu Kyi) ហើយមន្រ្ដីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់របបគ្រប់គ្រងភូមា បានបញ្ជាក់ថា ការស៊ើបអង្កេតបានរកឃើញការក្លែងបន្លំ ជាង១១លានករណី នៅក្នុងការបោះឆ្នោត ដែលជួយឲ្យគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី ត្រូវប្រឈមនឹងក្រុមប្រឆាំងដែលជាសម្ព័ន្ធភាពយោធា។

របបគ្រប់គ្រងយោធា បានថ្លែង កាលពីមុនថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មី នៅក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយពួកយោធាថែមទាំងគំរាមកំហែង រំលាយគណបក្ស NLD របស់លោកស្រី អ៊ុង សានស៊ូជី ថែមទៀតផង។ លោកស្រី អ៊ុង សានស៊ូជី ត្រូវបានឃុំឃាំង ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ហើយលោកស្រី ត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណីផងដែរ។

បើតាមអង្គការឃ្លាំមើល នៅក្នុងស្រុក បានឲ្យដឹងថា ប្រទេសភូមា បានធ្លាក់ចូលក្នុងភាពវឹកវរ ចាប់តាំងពីពួកយោធារឹបអូសអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះ។ អំពើរដ្ឋប្រហារយោធានេះ បានសម្លាប់មនុស្សជាង៩០០នាក់ ហើយប្រជាពលរដ្ឋជាង៥០០០នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន។

ដោយឡែក ធនាគារពិភពលោក បានថ្លែង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា សេដ្ឋកិច្ចរបស់ភូមា ត្រូវគេរំពឹងថា នឹងធ្លាក់ចុះ រហូតដល់១៨ភាគរយ នៅក្នុងឆ្នាំ២០២១ ។ ការដាំក្បាលចុះបែបនេះ ក៏ដោយសារតែការកើនឡើងនូវភាពវឹកវរពាសពេញប្រទេស ក្រោយរដ្ឋប្រហារ និងរលកទី៣ នៃជំងឺកូវីដ-១៩។

បណ្ដាញអង្គការឃ្លាំមើលការបោះឆ្នោត ដោយសេរីនៅអាស៊ី បានសរសេរ នៅក្នុងរបាយការណ៍ ស្ដីពីការបោះឆ្នោតឆ្នាំ២០២០ ថា ការបោះឆ្នោត នៅភូមា ធ្វើឡើងទ្រង់ទ្រាយធំ ជាតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ។

លោកស្រី មីឆែលឡេ បាសេលេត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្លាប់ព្រមាន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ថា អ្វីដែលបានចាប់ផ្តើម ធ្វើរដ្ឋប្រហារ ដោយយោធាភូមា គឺជាការវាយប្រហារយ៉ាងពេញទំហឹងមួយ ប្រឆាំងនឹងប្រជាជនស៊ីវិល ដែលបានរីករាលដាល និងមានលក្ខណៈជាប្រព័ន្ធ។ លោកស្រីបាននិយាយជាដដែលៗថា ស្ថានភាព នៅក្នុងប្រទេសភូមា បានចាប់ផ្ដើមកាន់តែអាក្រក់ឡើងៗ ចាប់តាំងពីមានវិបត្ដិនយោបាយ នៅថ្ងៃទី១ ខែកុម្ភៈ មកម៉្លេះ។ វិបត្ដិនេះកំពុងតែបង្កមហន្ដរាយដល់សិទ្ធិមនុស្សជាពហុវិមាត្រ។.

លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបន្ថែមថា ចាប់តាំងពីការធ្វើរដ្ឋប្រយោធានោះមក ប្រជាពលរដ្ឋភូមា ជិត៩០០នាក់ ត្រូវបានគេសម្លាប់ ហើយពលរដ្ឋប្រមាណជាង ២០០ ០០០នាក់ បង្ខំឲ្យរត់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការវាយឆ្មក់របស់យោធាយ៉ាងសាហាវព្រៃផ្សៃទៅលើស្រុក និងភូមិនានារបស់ពួកគេ។ ការរងទុក្ខ និងអំពើហិង្សា នៅទូទាំងប្រទេសបែបនេះ គឺជាការជំរុញឲ្យទៅរកផ្លូវដ៏អាក្រក់ សម្រាប់ការបរាជ័យរបស់រដ្ឋ ឬសង្គ្រាមស៊ីវិលកាន់តែធំ។

ជាមួយគ្នានេះ លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិ បានជំរុញឲ្យសហគមន៍អន្ដរជាតិ ត្រូវរួបរួមគ្នា ក្នុងការដាក់សម្ពាធទៅលើរបបយោធាភូម ដើម្បីបញ្ឈប់នូវការវាយប្រហាររបស់ពួកគេទៅលើពលរដ្ឋភូមា ហើយធ្វើឲ្យប្រទេសនេះ វិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលជាការឆ្លុះបញ្ចាំពីឆន្ទៈដ៏ពិតប្រាកដរបស់ពលរដ្ឋភូមា។ លោកស្រីបានថ្កោលទោស ចំពោះការវាយប្រហារតាមអាកាស ដោយមិនរើសអើង ការបាញ់ផ្លោង ការសម្លាប់ជនស៊ីវិល និងការភៀសខ្លួនដ៏ធំរបស់ពលរដ្ឋ។ រីឯសំឡេងជនស៊ីវិល ក៏ត្រូវបានស្ងាត់ ហើយអ្នកកាសែតជាង៩០នាក់ ត្រូវបានចាប់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន៨ ក៏ត្រូវបង្ខំឲ្យបិទផងដែរ។

ជាមួយគ្នានេះ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ពលរដ្ឋភូមាជាង៦លាននាក់ កំពុងតែប្រឈមនឹងការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយពលរដ្ឋ ជិតពាក់កណ្ដាល នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ នៅដើមឆ្នាំ២០២២៕