U.S. Central Command Commander Gen. Lloyd Austin III addresses military recruits during an induction ceremony during halftime of an NFL football game between the Tampa Bay Buccaneers and the New York Giants in Tampa, Fla., Sunday, Nov. 8, 2015. (AP Photo/Phelan M. Ebenhack)

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងមកបំពេញទស្សនកិច្ច នៅតំបន់អាស៊ី-អាគ្នេយ៍ នៅក្នុងសប្ដាហ៍នេះ ហើយនេះជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឲ្យចិន មានឥទ្ធិពលខ្លាំងក្លា លើសលប់ នៅក្នុងតំបន់នេះបានឡើយ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងមកបំពេញទស្សនកិច្ច នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ហៅកាត់ «អាស៊ាន» នៅក្នុងសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក មកកាន់តំបន់នេះ ជាសញ្ញាបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងឥទ្ធិពលចិន ដែលកំពុងកើនឡើងឥតឈប់ឈរ។

នៅក្នុងរដ្ឋបាលរបស់លោក ចូ បៃដិន តែងតែចាត់ទុកចិន ជាគូប្រជែងដ៏ធំបំផុត នៅក្នុងសតវត្សរ៍ទី២១នេះ។ អាមេរិកចាត់ទុកថា ការប្រជែងជាមួយចិន គឺជាគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន។ ជាមួយគ្នានេះដែរ ប្រមុខការពារជាតិរបស់សហរដ្ឋអាមេរិក បានថ្លែងយ៉ាងខ្លីប្រាប់អ្នកសារព័ត៌មាន នៅក្នុងរដ្ឋអាឡាស្កា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា «អ្នកទាំងអស់គ្នា នឹងបានស្ដាឮ ខ្ញុំនិយាយជាច្រើន ពីភាពជាដៃគូ និងតម្លៃ នៃភាពជាដៃគូ… ហើយគោលបំណងរបស់ខ្ញុំ គឺការពង្រឹងទំនាក់ទំនងមិត្តភាព»។

លោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងផ្ដើមធ្វើទស្សនកិច្ច នៅសិង្ហបុរី នាថ្ងៃទី២៧ ខែកក្កដា មុននឹងត្រូវជួបជាមួយថ្នាក់ដឹកនាំ ក្នុងប្រទេសវៀតណាម និងហ្វីលីពីន។ នៅក្នុងជំនួបទាំងនេះ ប្រមុខការពារជាតិសហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងលើកឡើងពីសកម្មភាពរបស់ចិន នាពេលកន្លងមក ក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង អះអាងថា ភាគច្រើន នៃដែនសមុទ្រនោះ ជាដែនអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្ដែផ្ទុយទៅវិញ សហរដ្ឋអាមេរិក តែងតែធ្វើនាវាចរណ៍នាវាចម្បាំង និង នាវាផ្ទុកយន្ដហោះ នៅក្នុងដែនសមុទ្រចិនខាងត្បុង ដោយអាមេរិកអះអាងថា នេះជាសេរីភាព នៃការធ្វើនាវាចរណ៍ តាមច្បាប់អន្ដរជាតិ។

ប្រមុខការពារជាតិរបស់សហរដ្ឋអាមេរិក មកកាន់តំបន់អាស៊ាននេះ បានកើតឡើងក្រោយពេលលោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្រ្ដីក្រសួងការបរទេសរបស់ប្រទេសមហាអំណាចកំពូលលើលោកមួយនេះ បានមកបំពេញទស្សនកិច្ច នៅប្រទេសចិន និងតំបន់អាស៊ាន ។ ស្របគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) ក៏បានទៅបំពេញទស្សនកិច្ច នៅឥណ្ឌា និងប្រទេសជាដៃគូដទទៃទៀត ។ នេះជាសញ្ញាមួយបង្ហាញថា សហរដ្ឋអាមេរិក កំពុងតែប្រមូលកម្លាំងទប់ទល់ជាមួយមហាយក្សចិន៕