រាជធានីភ្នំពេញ ៖ ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩កំពុងតែរាតត្បាតកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃបណ្តាលឲ្យមានអ្នកឆ្លង និងអ្នកស្លាប់កាន់តែច្រើនឡើង ជាហេតុតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្ថែមការយកចិត្តទុកដាក់ថែរក្សាសុខភាព និងត្រូវអនុវត្តវិធានការ៣ការពារ និង៣កុំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ហើយខណៈពេលថ្មីៗនេះជំងឺកូវីដ១៩ប្រភេទ Delta ក៏កមពុងតែចាប់ផ្តើមជ្រៀតចូលមកតាមរយៈអ្នកដំណើរក្រៅប្រទេសចូលមកក្នុងប្រទេសកម្ពុជាផងដែរ ហើយនេះក៏ជាការបន្ថែមក្ដីបារម្ភមួយទៀតព្រោះជំងឺកូវីដ១៩ប្រភេទ Delta នេះត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាវាមានលក្ខណៈឆ្លងលឿនខ្លាំងជាងវីរុសកូវីដ១៩មុនៗ។

ងាកមកកាន់លោកគ្រូមហាជ័យដែលទើបតែទទួលតំណែងជាទីប្រឹក្សាសម្តេចសង្ឃឯណេះវិញ នាពេលថ្មីៗនេះលោកបានលើកឡើងពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩នេះផងដែរ ដោយលោកបាននិយាយថាជំងឺកូវីដ១៩នេះរយៈពេល៥ឆ្នាំទៀតវានឹងរសាយម្ដងបន្តិចៗ ហើយនៅពេលដែលមានវ៉ាកសាំងលើកទី៣ ឬមានថ្នាំគ្រាប់សម្រាប់លេបនោះវានឹងក្លាយជាជំងឺធម្មតា។ លោកបានបញ្ជាក់ថា អ្នកណាដែលកាន់សីល ៥អ្នកនោះនឹងរួចផុតពីជំងឺកូវីដ១៩គឺត្រូវបាញ់អាល់កុល ពាក់ម៉ាស់ ចាក់វ៉ាក់សាំង ហើយអ្នកដែលចាក់វ៉ាក់សាំងហើយនៅតែឆ្លងជំងឺកូវីដ១៩ដោយសារតែពួកគាត់មិនសូវមានសីលនៅក្នុងខ្លួន»៕