រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេល សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃពុធ (ទី២១​ ខែកក្កដា ឆ្នាំ២០២១) ​រួចមក តំណាងរាស្រ្ដរបស់អាល្លឹម៉ង់ ​ចង់ឲ្យការស្ថាបនាបំពង់បង្ហូរឧស្ម័ន Nord Stream 2 របស់រុស្ស៊ី សាងសង់រួចរាល់ និងដាក់ឲ្យដំណើរ ក្នុងពេលដ៏ឆាប់ខាងមុខ តាមតែអាចធ្វើទៅបាន។​

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ថា លោក Rolf Mutzenich មេដឹកនាំបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) នៅក្នុងសភា បានប្រាប់ដល់សមាគមបណ្ដាញផ្សព្វផ្សាយ Redaktionsnetzwerk Deutschland ថា ការសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងត្រូវស្ថាបនារួចរាល់ ហើយនឹងដាក់​ឲ្យវាដំណើរការ ក្នុងពេលដ៏ឆាប់ៗ តាមតែអាចធ្វើទៅបាន។​

លោក Mutzenich បានបញ្ជាក់ថា «វាជាការត្រឹមត្រូវ ដើម្បីបង្ហើយការសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ហើយដាក់ឲ្យដំណើរការ ក្នុងពេលខាងមុខនេះ។ យើងត្រូវការឧស្ម័ន តាមបច្ចេកវិទ្យាអន្ដរកាល ដោយសារអាល្លឺម៉ង់ ចង់ឲ្យមានការផ្លាស់ប្ដូរនូវប្រភពថាមពលកាន់លឿន ហើយស្របពេលនឹងការបោះបង់ចោលនូវថាមពលនុយក្លេអ៊ែរ និងធ្យូងថ្ម។ ទន្ទឹមគ្នានេះ លោកស្វាគមន៍​ចំពោះកិច្ចព្រមព្រៀង កាលពីពេលថ្មីៗនេះ រវាង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ស្ដីអំពីប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 2 ដោយលោកបង្ហាញទស្សនៈថា ការធ្វើឲ្យគម្រោងនេះមិនអំណោយផលល្អ សម្រាប់អាល្លឺម៉ង់ គឺទាក់ទងនឹងការអនុវត្ដគោលនយោបាយថាមពលរបស់ខ្លួន»។​

អ្នកនយោបាយអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ទន្ទឹមគ្នានេះដែរ មេដឹកនាំ SPD បានធានាថា អាល្លឺម៉ង នឹងគាំទ្រដល់ប្រទេសអ៊ុយក្រែន។ យើងនឹងមិនទុកឲ្យអ៊ុយក្រែនជួបនឹងបញ្ហានោះទេ ហើយយើងថែមទាំងចង់ពិភាក្សា ស្ដីអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យផលិតអ៊ីដ្រូសែនជាមួយអាជ្ញាធរអ៊ុយក្រែន ថែមទៀតផង»។​

បើ​តាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា កាលពីថ្ងៃពុធ​ មុននេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ស្ដីពីគម្រោងបំពង់បង្ហូរឧស្ម័ន  Nord Stream 2 ។ រីឯរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងមិនអាចបញ្ឈប់ការអនុវត្ដនូវការសាងសង់ប្រព័ន្ធបង្ហូរឧស្ម័ននេះបានទេ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានសន្យា នឹងធ្វើឲ្យដំណើរការឆ្ពោះទៅមុខ ដើម្បីពង្រីការបញ្ជូនឧស្ម័នរបស់រុស្ស៊ី ដោយឆ្លងកាត់ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជាក់ថា Nord Stream 2 បានសាងសង់រួចរាល់​ចំនួន ៩៩% ហើយវាមិនអាច​បញ្ឈប់នូវសាងសង់​គម្រោងនេះបានទេ។  ប៉ុន្ដែអាជ្ញាធរសហរដ្ឋអាមេរិក បានរក្សាសិទ្ធិ ក្នុងការធ្វើសកម្មភាព ឆ្លើយតបទៅនឹងការប្រើប្រាស់ថាមពលរបស់រុស្ស៊ី ដែល«ជាអាវុធភូមិសាស្ត្រនយោបាយ» នៅអឺរ៉ុប និង «ការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន»។​

ដោយឡែក លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា រុស្ស៊ីបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា Nord Stream 2 ជាគម្រោងពាណិជ្ជកម្មមួយ ដែលត្រូវបានអនុវត្ដរួមគ្នាជាមួយនឹងដៃគូអឺរ៉ុប។ លោកបានសម្ដែងនូវការងឿងឆ្ងល់ ចំពោះចេតនារបស់បណ្ដាប្រទេសមួយចំនួន ដោយកំណត់ជោគវាសនាបណ្ដាញបំពង់បង្ហូរឧស្ម័ននេះ ស្ថិតក្រោមកាលៈទេសៈខាងនយោបាយទៅវិញ។ ជាថ្មីម្ដងទៀត រដ្ឋាភិបាលទីក្រុងមូស្គូ បានថ្លែងជាដដែលៗថា រុស្ស៊ី មិនដែលយកប្រភពធនធានថាមពល ធ្វើជាឧបករណ៍ ដាក់សម្ពាធដល់ប្រទេសណាមួយនោះឡើយ៕​