បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា “អង្គការសុខភាពពិភពលោក បានកំណត់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ ដែលចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការដកដង្ហើមចូលនូវតំណក់ទឹកតូចៗដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្តាស់ ឬខ្នាតមកប៉ះមាត់ ច្រមុះ ភ្នែក ក្នុងចំងាយតិចជាងមួយម៉ែត្រ ឬក្នុងស្ថានភាពខ្លះដោយប៉ះពាល់ជាមួយនឹងផ្ទ ឬវត្ថុ ដែលអ្នកមានវីរុស កូវីដ-១៩ ប៉ះពាល់ រួចយកដៃរបស់ខ្លួនមកប៉ះភ្នែក ច្រមុះ ឬមាត់ ដែលជាហេតុនាំឱ្យវីរុសកូវីដ-១៩ ចូលទៅក្នុង ខ្លួនបាន ហើយវីរុសកូវីដ-១៩ នេះ ត្រូវការជម្រកនៅលើមនុស្ស ឬសត្វ ដើម្បីបង្កើតកូនចៅ។

ម៉្យាងវិញទៀត តំណក់ទឹកតូចៗ ដែលចេញពីអ្នកមានវីរុសកូវីដ-១៩ ពេលក្អក ឬកណ្ដាស់ ដែលមានទម្ងន់ធ្ងន់ពេក មិនអាចអណ្តែតក្នុងខ្យល់បាន ដែលតំណក់ទឹកនេះនឹងធ្លាក់ទៅលើវត្ថុ និងផ្ទៃជុំវិញអ្នកដែលមានវីរុសកូវីដ-១៩ ហើយអ្នកផ្សេងទៅប៉ះវត្ថុ និងផ្ទៃដែលប្រលាក់នោះ ឬប៉ះពាល់ ជាមួយដៃរបស់អ្នកដែលមានវីរុសកូវីដ-១៩ បន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេ ដែលធ្វើឱ្យមានការចម្លង។ ជាឧទាហរណ៍៖ វាអាចកើតឡើងនៅពេលចាប់ដៃគ្នា ឬកាន់ដៃទ្វារ ហើយបន្ទាប់មកប៉ះមាត់ ច្រមុះ ឬភ្នែក ជាដើម។

យោងតាមប្រភពក្រសួងសុខភិបាល បានឱ្យដឹងថា ការស្រាវជ្រាវថ្មីៗធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដែលមានសំណើម និងសីតុណ្ហភាពដែលអាចគ្រប់គ្រងបាន បានវាយ តម្លៃពីការរស់រាននៃវីរុសកូវីដ-១៩ នៅលើផ្ទៃផ្សេងៗគ្នា ហើយបានរាយការណ៍ថា វីរុសកូវីដ-១៩ អាចរស់រានរហូតដល់ ៧២ម៉ោង នៅលើប្លាស្ទិក, នៅលើដែកអ៊ីណុកស្ពាន់រហូតដល់ ៤ម៉ោង និងនៅលើក្រដាសកាតុងធ្វើកេសចំនួនប្រហែលជា ២៤ម៉ោង។

អង្គការសុខភាពពិភពលោកណែនាំថា បុគ្គលដែលមានអាការៈមិនស្រួលខ្លួន គួរតែនៅផ្ទះកុំទៅធ្វើការ។ បុគ្គលិកដែល ធ្វើការក្នុងវិស័យស្បៀងអាហារ ត្រូវដឹងអំពីរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ រួមមាន គ្រុនក្តៅយ៉ាងតិច៣៧.៥ អង្សាសេ ក្អក អស់ កម្លាំង បាត់បង់រសជាតិ ឬបាត់បង់ក្លិន សូមរាយការណ៍ប្រាប់ស្ថាប័នរបស់ខ្លួន ឬ ទាក់ទងទូរស័ព្ទ១១៥ ។

បញ្ហាសំខាន់បំផុត គឺដើម្បីឱ្យ បុគ្គលិកមានសមត្ថភាពក្នុងការសម្គាល់រករោគសញ្ញា និងរាយការណ៍ឱ្យបានឆាប់ ដើម្បីអាចស្វែងរកការថែទាំ និងការធ្វើតេស្ត រហ័ស ឬតេស្តវេជ្ជសាស្ត្រសមស្រប និងកាត់បន្ថយហានិភ័យនៃការឆ្លងដល់មិត្តរួមការងារបានទាន់ពេលវេលា៕