បរទេស៖ លោកស្រី Vismita Gutpa-smith មន្រ្ដីទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោក បានថ្លែងថា បច្ចុប្បន្ននេះ យើងកំពុងតែនិយាយ អំពីវីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta និងវ៉ាក់សាំង។ ឥឡូវ លោកស្រី​វេជ្ជបណ្ឌិត Soumya Swaminathan ប្រធានក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភពលោក ជាអ្នកជំនាញរបស់យើង នឹងចូលខ្លួនមកបកស្រាយលើបញ្ហាទាំង។ រីឯសំណួរដំបូងរបស់យើង សួរទៅកាន់លោកស្រីវេជ្ជបណ្ឌិត Soumya គឺយើងដឹងថា វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta ​អាចចម្លងយ៉ាងឆាប់រហ័ស។

លោកស្រី បានបន្ដថា លោកស្រីវេជ្ជបណ្ឌិត Soumya  អាចពន្យល់យើង ថាតើវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ អាចការពារយើង គេចផុត​ពីការឆ្លងកូវីដ-១៩ដែរឬទេ?

លោកស្រី​វេជ្ជបណ្ឌិត Soumya Swaminathan ប្រធានក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការសុខភាពពិភពលោក បានពន្យល់ថា ឥឡូវ យើងនឹងនិយាយ អំពីវីរុស Delta ​ជាវីរុសបម្លែងខ្លួនទី៤ ដែលអង្គការ WHO កំពុងតែព្រួយបារម្ភ ដោយសារវាចម្លងមានយ៉ាងល្បឿនជាងវីរុសបម្លែងខ្លួនផ្សេងៗទៀត។  វីរុស Delta ក៏អាចទប់ទល់នឹងអង្គបដិប្រាណ (អង់ទីគ័រ) ដែលមាននៅក្នុងឈាមរបស់យើងផងដែរ។ ដូច្នេះករណីនេះ មានន័យថា អ្នកត្រូវការអង់ទីគ័រកម្រិតខ្ពស់បំផុត សម្រាប់ប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទនេះ ដោយប្រៀបទៅនឹងវីរុសបម្លែងខ្លួន Alpha ។

លោកស្រីវេជ្ជបណ្ឌិត បានបន្ដថា ឥឡូវនេះមានព័ត៌មានល្អ គឺថាគ្រប់វ៉ាក់សាំង​ ដែលអង្គការសុខភាពពិភពលោក ហៅកាត់ WHO អនុម័តឲ្យប្រើប្រាស់បន្ទាន់នេះ ​អាចការពារទប់ទល់នឹងការវិវឌ្ឍទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ ការបញ្ជូនទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យ និងការស្លាប់ នៅក្នុងអំឡុងពេលឆ្លងវីរុស Delta ។  មានការសិក្សាជាច្រើន នៅតាមបណ្ដាប្រទេសនានា នាពេលនេះ ជាកន្លែង ដែលលេចឡើងនូវវីរុស Delta  សម្រាប់យកមកបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​ហាក់ដូចជា មិនសូវធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវបញ្ជូនទៅកាន់​មន្ទីរពេទ្យនោះទេ។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមទៀតថា បើអ៊ីចឹងទេ អ្នកចាំបាច់ត្រូវតែចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសពេញលេញ សម្រាប់ជួយដល់អ្នកបង្កើនភាពស៊ាំពេញលេញ ការពារអ្នកទប់ទល់​នឹងវីរុស Delta។  ដូច្នេះនេះជាកត្ដាសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក បានអនុញ្ញាតឲ្យប្រើប្រាស់។ វ៉ាក់សាំងទាំងអស់នេះ នឹងជួយការពារអ្នក ​ប្រឆាំងនឹងវីរុស Delta និងវីរុសបម្លែងខ្លួនផ្សេងៗទៀត។

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា គោលដៅដ៏សំខាន់ នៃការចាក់វ៉ាក់សាំង ពិតជាជួយការពារអ្នក មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រោះអ្វីដែលយើងចង់បានសម្រាប់មនុស្ស​ ប្រសិនបើពួកគេឆ្លងវីរុស គឺពួកគេនឹងជាសះស្បើយ​ពីជំងឺនេះឡើងវិញ ហើយនឹងមិនធ្លាក់ខ្លួនឈឺធ្ងន់។ ដូច្នេះរាល់ការចាក់វ៉ាក់សាំងទាំងអស់ ​ពិតជាល្អប្រសើរខ្លាំងណាស់។ ជាការពិតណាស់​ វ៉ាក់សាំងទាំងអស់ នឹងមានកម្រិតផ្សេងៗគ្នា។ អ្នកអាចអាន អំពីប្រសិទ្ធភាព នៃវ៉ាក់សាំងទាំងអស់នេះ។ វ៉ាក់សាំងទាំងអស់ អាចមានប្រសិទ្ធភាព ចន្លោះពី៧០ភាគរយទៅ៩០ភាគរយ។ ប៉ុន្ដែទោះជាយ៉ាងណា វាអាចការពារអ្នក មិនឲ្យកើតជំងឺធ្ងន់ធ្ងរ ត្រូវសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ​។

លោកស្រីវេជ្ជបណ្ឌិត បានបន្ដថា គ្រប់វ៉ាក់សាំងទាំងអស់ គឺល្អប្រសើរខ្លាំងណាស់ ហើយវាមានប្រសិទ្ធភាព រហូតដល់៩០ភាគរយ។ ជាថ្មីម្ដទៀត វ៉ាក់សាំងទាំងអស់ មានការការពារផ្សេងៗគ្នា ទប់ទល់នឹងការឆ្លងវីរុស។ បើ​តាមការគិត អ្នកត្រូវតែចាក់វ៉ាក់សាំង ដែលអាចការពារអ្នក ពីការឆ្លងមេរោគ ហើយអ្នកមិនអាចធ្លាក់ខ្លួនឈឺធ្ងន់បានទេ។​ ប៉ុន្ដែបច្ចុប្បន្ននេះ មិនទាន់មានវ៉ាក់សាំងណា ដែលយើងចាក់ហើយ អាចការពារបាន១០០ភាគរយនោះដែរ។

លោកស្រីវេជ្ជបណ្ឌិត បានបន្ដថា មានហេតុផលល្អ ចំនួន២ ដែលត្រូវចាក់វ៉ាក់សាំង រួមមាន ទី១-ការពារខ្លួនអ្នក ពីការកើតជំងឺ ប្រសិនបើអ្នកឆ្លងជំងឺកូវីដ-១៩។ ដូចជា អ្នកយើងដឹងហើយថា មនុស្សគ្រប់វ័យ ដែលឈឺធ្ងន់ អ្នកអាចស្លាប់ ដោយសារជំងឺនេះ ហើយនេះជាអ្វីដែលយើងចង់ការពារ​។ ដូច្នេះជាអ្វីដែលអ្នកត្រូវចាក់វ៉ាក់សាំងដូសដំបូង។ ទី២-ប្រសិនបើអ្នកចាក់វ៉ាក់សាំងរួច ហើយ អ្នកនៅតែឆ្លង ដូចតែយើងដឹងហើយថា វ៉ាក់សាំងទាំងអស់ មិនអាចការពារអ្នក ១០០ភាគរយ ពីការឆ្លងជំងឺកូវីដ-១៩នោះទេ។ ប៉ុន្ដែវាមានគ្រោះថ្នាក់តិចតួច ពីការឆ្លងជំងឺដ៏កាចសាហាវនេះ ហើយអ្នកអាចចម្លងវីរុសនេះ ទៅកាន់អ្នកផ្សេងទៀត។ អ្វីដែលយើងចង់បាន គឹការគ្រប់គ្រងជំងឺនេះឲ្យបាននៅលើពិភពលោក ដោយទាមទារឲ្យមនុស្សទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង៕​