រដ្ឋធានីហាណូយ៖ អតីតនាយករដ្ឋមន្រ្ដីវៀតណាម បានធ្វើសច្ចាប្រណិធានឡើងកាន់​តំណែង ជាប្រធានាធិបតីវៀតណាម កាលពីព្រឹក ថ្ងៃទី២៦ ខែកក្កដា ក្រោយពេលសភាតំណាងបានបោះឆ្នោតប្រគល់សេចក្ដីទុកចិត្ត ជ្រើសរើសរូបលោកឲ្យកាន់តំណែងកំពូល នៅក្នុងប្រទេសកុម្មុយនីស្ដ នៅតំបន់អាស៊ី-អាគ្នេយ៍ (អាស៊ាន) មួយនេះ។​ នេះបើតាមសារព័ត៌មានវៀតណាម VOV ចេញផ្សាយ នៅថ្ងៃទី២៦ ខែកក្កដា។

នៅក្នុងពេលធ្វើសច្ចាប្រណិធានឡើងកាន់តំណែងកំពូលនោះ លោក Nguyen Xuan Phuc ប្រធានាធិបតី បានសច្ចាថា ស្មោះត្រង់ចំពោះបិតុប្រទេសរបស់លោក ប្រជាជន និងរដ្ឋធម្មនុញ្ញរបស់វៀតណាម។ លោកប្រធានាធិបតី​ បានប្ដេជ្ញាថា លោកនឹងខិតខំប្រឹងប្រែឲ្យអស់ពីសមត្ថភាពរបស់លោក ដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។​

លោក ងូយៀន ស៊ឺន ហ៊្វុក (Nguyen Xuan Phuc ) កើត នៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ១៩៥៤ នៅក្នុងភាគ​កណ្ដាល ខេត្ត Quang Nam ។ លោកជាសមាជិកការិយាល័យនយោបាយ នៃអាណត្តិទី១១, ទី១២ និងទី១៣ ហើយជាសមាជិកគណៈកម្មាធិការកណ្តាលបក្ស នៃអាណត្តិទី១០, ទី១១, ទី១២ និងទី១៣ និងជាអនុប្រធានទី១១, ទី១៣ និងទី១៤។​

លោក ងូយៀន ស៊ឺន ហ៊្វុក (Nguyen Xuan Phuc ) ធ្លាប់កាន់តំណែងសំខាន់ៗមួយចំនួន រួមមាន លេខាធិការរង នៃគណៈកម្មាធិការបក្សខេត្ត Quang Nam​, ប្រធានគណៈកម្មាធិការបក្សខេត្ត Quang Nam​, ប្រធានគណៈរដ្ឋមន្រ្ដី មុនពេលបោះឆ្នោតឲ្យក្លាយជាឧបនាយករដ្ឋមន្រ្ដី នៅឆ្នាំ២០១១ និងជានាយករដ្ឋមន្រ្ដី នៅឆ្នាំ២១៦៕