បរទេស៖ ប្រធានាធិបតីទុយនេស៊ី បានបណ្ដេញនាយករដ្ឋមន្រ្ដីចេញពីតំណែង ហើយព្យួររដ្ឋសភា ក្រោយពេលមានការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាល។​

សារព័ត៌មាន Aljazeera បានចេញផ្សាយ នៅថ្ងៃទី២៦ ខែកក្កដា ថា ប្រធានាធិបតីទុយនេស៊ីបានព្យួររដ្ឋសភា និងបណ្ដេញលោក Hichem Mechichi ចេញពីតំណែងនាយករដ្ឋមន្រ្ដី នៅក្នុងសកម្មភាពថ្កោលទោស តាមរយៈ​ការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យ ដោយគូប្រជែងរបស់លោក។​

លោក Kais Saied ប្រធានាធិបតីទុយនេស៊ី បានថ្លែង កាលពីថ្ងៃទី២៥ ខែកក្កដា ថា លោក​នឹងទទួលបានអំណាចប្រតិបត្តិ ដោយមានជំនួយពីនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីការតវ៉ា ដោយអំពើហិង្សា​ផ្ទុះឡើង នៅក្នុងទីក្រុង​ជាច្រើន ទាក់ទងនឹងការគ្រប់គ្រងការរាតត្បាតពីជំងឺកូវីដ-១៩មិនបានល្អរបស់រដ្ឋាភិបាល និងសេដ្ឋកិច្ច​ជាតិចុះអន់ថយ។​ នេះ​​ជា​​បញ្ហាប្រឈមមុខដ៏ធំបំផុត ចំពោះរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៤ ដែលបានបែងចែកអំណាច រវាងប្រធានាធិបតី នាយករដ្ឋមន្រ្តី និងសភាទុយនេស៊ី។​

លោកប្រធានាធិបតី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋថា «មានមនុស្សជាច្រើន ត្រូវបានគេបោកបញ្ឆោត ដោយការលាក់ពុត ការក្បត់ និងការប្លន់សិទ្ធិរបស់ប្រជាជន»។​

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ​រាប់ពាន់នាក់ បានប្រឆាំងនឹងការរឹតត្បិត ដើម្បីទប់ស្កាត់វីរុស ហើយការផ្ទុះ​បាតុកម្ម កាន់តែខ្លាំងឡើង កាលពីព្រឹក ថ្ងៃអាទិត្យ (ទី២៥ ខែកក្កដា) នៅតំបន់ទុយនីស រដ្ឋធានី និងទីក្រុងផ្សេងៗទៀត។ ហ្វូងមនុស្ស ភាគច្រើន ជាយុវជនបានស្រែកថា «​ ចេញទៅ!» និងពាក្យស្លោកអំពាវនាវឱ្យរំលាយសភា ហើយរៀបចំការបោះឆ្នោតមុន កាលកំណត់៕