ខេត្តតាកែវ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរស្រុកសំរោង និងក្រុមគ្រូពេទ្យ បានចុះទៅយកសំណាកព្រះសង្ឃ យាយជីតាជី នៅវត្តអង្គប្រិ៍យ ឃុំលំចង់ ចំនួន១១៩អង្គ/នាក់ ។ ជាលទ្ធផល រកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៧អង្គ/នាក់ ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង បង្ហោះសារតាម Facebook នាព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ថា កូវីដចាប់ផ្តើមវាយលុកចូល វត្តអារាម ហើយ សូមព្រះសង្ឃ ពុទ្ធបរិស័ទ្ធ ចូលរួមអនុវត្តអោយបាននូវវិធាន «៣កុំ និង ៣ការពារ» ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨១១នាក់ ខណៈអ្នកជំងឺ ៧៩៨នាក់ជាសះស្បើយ។

បើគគិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០,៤១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦២,៥៧៧នាក់ និងស្លាប់សរុបចំនួន ១១៨៨នាក់៕