រាជធានីបាងកក៖ ក្រុមបាតុករថៃ កាលពីថ្ងៃទី១៨ ខែកក្កដា បានចាប់ផ្ដើម​នាំគ្នាតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ហើយសកម្មភាពរបស់ពួកគេ នាំឲ្យមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស។

សារព័ត៌មាន Aljazeera បានផ្សាយ នៅថ្ងៃទី១៩ ខែកក្កដា ថា ​ក្រុមបាតុករថៃ បាន​ប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ។ សកម្មភាពខាងលើនេះ នាំឲ្យមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស។ ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្ដបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមបាតុករ​ បាននាំគ្នាតវ៉ាទាមទារឲ្យលោក ប្រាយុទ្ធ​ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ចុះចេញពីតំណែង ដោយសារលោកគ្រប់គ្រងស្ថានភាពកូវីដ-១៩មិនបានល្អ ហើយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។​

មន្រ្ដីប៉ូលិសថៃ បានបញ្ជាក់ថា ក្រុមបាតុករ បានវាយប្រហារមកលើប៉ូលិស បណ្ដាលឲ្យមន្រ្ដីប៉ូលិសយ៉ាងតិច៨នាក់ និងអ្នកកាសែតម្នាក់​រងរបួស នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកក្កដា) ។​ ទោះជាយ៉ាងណា ប៉ូលិសមិនបានបញ្ជាក់ អំពីចំនួនក្រុមបាតុករដែលរងរបួសនោះទេ ប៉ុន្ដែប៉ូលិសបានចាប់ខ្លួនបាតុករ ចំនួន១៣នាក់៕