រាជធានីបាងកក៖ ថៃនឹងចាប់ផ្ដើម ធ្វើតេស្ដវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលបង្កើតឡើង ដោយខ្លួនឯង សម្រាប់ចាក់ជូនដល់មនុស្ស នៅក្នុងខែកញ្ញា ខាងមុនេះ ហើយវ៉ាក់សាំងនេះមានតម្លៃចន្លោះពីជាង៩ដុល្លារ-១៥ដុល្លារ ក្នុងមួយដូស។

សារព័ត៌មាន The Nation បានផ្សាយ កាលពីថ្ងៃទី១៨ ខែកក្កដា ថា រដ្ឋាភិបាលថៃ បានបញ្ជាក់ថា វ៉ាក់សាំងប្រកបដោយសក្តានុពលនេះ ផលិតតាមបច្ចេកវិទ្យា វ៉ាក់សាំង Novavax របស់សហរដ្ឋអាមេរិក ដែរ។ វ៉ាក់សាំងនេះ អាចត្រៀមខ្លួន សម្រាប់ការផលិត នៅក្នុងរយៈពេលពីរ-បីសប្តាហ៍ទៀត។

លោក Ratchada Thanadirek អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានបញ្ជាក់ថា រោងចក្រផលិតវ៉ាក់សាំង បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩។ វ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Baiya Phytopharm Co Ltd របស់ប្រទេសថៃ។ វ៉ាក់សាំងនេះ មានប្រព័ន្ធស៊ាំអាចទប់ទល់នឹងវីរុសនេះ។

វ៉ាក់សាំងនេះ បានឆ្លងកាត់ដំណើរការ ប្រកបដោយជោគជ័យ ហើយត្រូវគេរំពឹងថា វ៉ាក់សាំងនេះ អាចត្រូវបានផលិត សម្រាប់ប្រជាជនថៃ ដើម្បីប្រើប្រាស់ នៅពាក់កណ្តាល ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋ នឹងទទួលការចាក់វ៉ាក់សាំងនេះ ចំនួនពីរដូស ក្នុងរយៈពេលចន្លោះ ពីគ្នា៣សប្ដាហ៍។ វ៉ាក់សាំបង្ការកូវីដ-១៩នេះ ដែលថៃបង្កើតដោយខ្លួនឯងនេះ នឹងលក់ក្នុងតម្លៃប្រហែល ៣០០-៥០០ បាត (៩,១៦-១៥ដុល្លារ) ក្នុងមួយដូស៕