បរទេស៖ រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី កំពុងតែចាប់ផ្ដើម ផ្ទុះករណីបាត់បង់ជីវិត ដោយ​ជំងឺកូវីដ-១៩​ខ្លាំងជាងគេបំផុត នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិក​ ដែលជាប្រទេសរងគ្រោះខ្លាំងបំផុតនោះ បែរជាមានអ្នកបាត់បង់ជីវិតដោយជំងឺនេះ​ ត្រឹមតែ៣១នាក់ប៉ុណ្ណោះ។

គេហទំព័រ Worldometer  បានចេញផ្សាយ នៅវេលាព្រឹក ថ្ងៃទី១៩ ខែកក្កដា ថា ឥណ្ឌូនេស៊ី រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៤៤ ៧២១នាក់ និងករណីស្លាប់ថ្មី ១ ០៩៣នាក់។ ជាមួយនឹងតួលេខថ្មីនេះ ធ្វើឲ្យប្រទេសអាស៊ានមួយនេះ មានចំនួនអ្នកឆ្លងកូវីដ-១៩សរុប កើនដល់ ជាង២,៨លាននាក់ ហើយក្នុងនោះស្លាប់ ៧៣ ៥៨២នាក់ និងជាសះស្បើយ ជាង ២,២លាននាក់។

ដោយឡែកសហរដ្ឋអាមេរិក ដែលជាប្រទេសមានអ្នកឆ្លងច្រើន និងស្លាប់ដោយកូវីដ-១៩ជាងគេ នៅលើពិភពលោកនោះ រកឃើញករណីឆ្លងថ្មី ៩ ៥១៣នាក់ និងករណីស្លាប់ថ្មី៣១នាក់។ គិត្រឹមវេលាខាងលើនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង ៣៤,៩លាននាក់ ហើយក្នុងនោះស្លាប់ ៦២៤ ៧៤៦នាក់ និងជាសះស្បើយ ជាង២៩,៣លាននាក់។

ដោយឡែក ចិន ជាប្រភពដើមកំណើត នៃវីរុសកូវីដ-១៩នោះ រកឃើញករណីឆ្លងថ្មី ៣៣នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនឈរនៅលេខរៀងទី១០២ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ជាង៩២ ០០០នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និងជាសះស្បើយ ជាង៨៧ ០០០នាក់ ហើយអ្នកជំងឺ ចំនួន៥៤៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕

សូមមើលតារាង នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនមួយចំនួន នៅលើពិភពលោក៖