បរទេស៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រេស៊ីល និងឥណ្ឌូនេស៊ី មានចំនួនអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer  បានផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យ​ដឹងថា ប្រេស៊ីលមានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ចំនួន១ ៤៥០នាក់ និងរកឃើញករណីឆ្លងថ្មី  ៤៥ ៥៩១នាក់។ ជាមួយនឹងតួលេខឆ្លង និងករណីស្លាប់ថ្មីនេះ ធ្វើឲ្យប្រេស៊ីល មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ១៩,៣លាននាក់ ហើយក្នុងនោះស្លាប់ ៥៤០ ៥០០នាក់ និងជាសះស្បើយជាង១៧,៩លាននាក់។

ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី ១ ២០៥នាក់ និងរកឃើញមានអ្នកឆ្លងថ្មី ៥៤ ០០០នាក់។ ប្រទេសមានពលរដ្ឋច្រើន នៅក្នុងតំបន់អាស៊ានមួយនេះ មានអ្នកឆ្លងសរុបជាង ២,៧លាននាក់ ហើយក្នុងនោះមានអ្នកបាត់បង់ជីវិតកើនដល់៧១ ៣៩៧នាក់ ហើយក្នុងនោះមាននាក់ជាសះស្បើយជាង២,២លាននាក់។

សហរដ្ឋអាមេរិក ដែលជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅលើពិភពលោក ហើយរហូតមកដល់វេលាខាងលើនេះ​ មានករណីស្លាប់ថ្មី ២៩៣នាក់ និងរកឃើញឆ្លងថ្មី ៣៨ ០៨២នាក់។​ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ៣៤ ៩២៦ ៦៩៣នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦២៤ ៦០៦នាក់ និងអ្នកជាសះស្បើយ ជាង២៩,៣លាននាក់។​

ដោយឡែកចិនជាប្រភពកំណើត នៃវីរុសដ៏កាចសាហាវនេះ រកឃើញករណីឆ្លងថ្មី៣៦នាក់ តែមិនមានករណីស្លាប់ថ្មី។ ចិនមានអ្នកឆ្លងកូវីដ-១៩សរុប ៩២ ១៨៣នាក់ ហើយក្នុងនោះស្លាប់៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៨៧ ០១១នាក់ ហើយចិនឈរនៅលេខរៀងទី១០២ នៃប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក។

គិតត្រឹមវេលាខាងលើនេះ ប្រទេស និងដែនដី ចំនួន២២០ កំពុងតែរងគ្រោះដោយសារវវិបត្ដិកូវីដ-១៩៕