រាជធានីបាងកក៖ ក្រោយពេលបង្កើនការរឹតត្បិតទីក្រុងបាងកក និងខេត្តជុំវិញ ចំនួន៥ ជាថ្មី ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩​​ រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៩ ខែមិថុនា បានអនុម័តឲ្យស្ថាប័នហិរញ្ញវត្ថុ​ចំនួន៧របស់រដ្ឋ ពង្រីកវិធានការបន្ធូរបន្ថយការសងប្រាក់បំណុល រយៈពេល៦ខែបន្ដទៅទៀត ដើម្បីជួយដោះស្រាយ ដល់ផលប៉ះពាល់ពីជំងឺកូវីដ-១៩។

លោក Arkhom Termpittayapaisith រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថថៃ បានថ្លែងថា គណៈរដ្ឋមន្រ្ដីថៃ កាលពីថ្ងៃអង្គារ (ទី២៩ ខែមិថុនា) បានអនុម័តឲ្យគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ គ្រប់គ្រងដោយរដ្ឋ ពង្រីកវិធាការបន្ធូរបន្ថយប្រាក់បំណុល ដល់កូនបំណុលរបស់ខ្លួន រយៈពេល៦ខែបន្ដទៀត។ នេះជាវិធានការដ៏ល្អមួយ សម្រាប់ជួយដោះស្រាយបន្ទុករបស់កូនបំណុល ដែលកំពុងតែរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩។​

លោករដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់ថា វិធានការដែលមានស្រាប់នោះ ត្រូវបានកំណត់ផុតកាលបរិច្ឆេទ នៅក្នុងខែមិថុនា ឬកក្កដា។ ដូច្នេះវិធានការនេះនឹងត្រូវបន្ដបន្ធូរបន្ថយ រយៈពេល៦ខែបន្ដទៀត។ គ្រឹះស្ថានហិរញ្ញវត្ថុរបស់រដ្ឋទាំងនេះ នឹងផ្ដល់វិធានការបន្ធូរបន្ថយដល់កូនបំណុល ៧,៥៦លាន ជាលក្ខណៈឯកជន សហគ្រាសខ្នាតតូច និងខ្នាតមធ្យម  (ហៅ SMEs) សរុបប្រាក់កម្ចី ៣,៤៦លានលានបាត (3.46 trillion = 3 460 000 000 000) ឬស្មើនឹងជាង១០៨ពាន់លាន (១០៨ ០៨៤ ៦១១ ៦២០) ដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក។​ វិធានការ​ទាំងនេះ រាប់ចាប់តាំងពីព្យួរការទូទាត់ប្រាក់ដើម និងការប្រាក់ នៅក្នុងអំឡុងពេលពង្រីកការសងប្រាក់បំណុលនេះ​។

លោករដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ បានបន្ថែមថា មានកូនបំណុល៣លាន នៅតែស្ថិតក្នុងដំណើរការបន្ធូរបន្ថយបំណុលនេះ ដែលនឹងផ្ដល់ឲ្យប្រាក់កម្ចី ដែលនៅសល់ ចំនួន១,២លានលានបាត (ប្រាក់ថៃ) ឬស្មើនឹងជាង៣៧ពាន់លាន (៣៧ ៤៨៥ ៩៩២ ៤៦៩)ដុល្លារសហរដ្ឋអាមេរិក។​ រីឯគ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះ បានច្របាច់បញ្ចូលប្រាក់កម្ចីជាង១០៤ពាន់លានបាត ឬស្មើនឹងជាង៣,២ពាន់លាន (3 248 786 014) ដុល្លារទៅក្នុងការបន្ធូរបន្ថយប្រាក់បំណុល សម្រាប់ជាលក្ខណៈឯកជន និងសហគ្រាសខ្នាតតូច ហើយមធ្យម។​

លោក Vitai Ratanakorn ប្រធាន និងជានាយកប្រតិបត្ដិធនាគារប្រាក់សន្សំរបស់រដ្ឋាភិបាល (GSB) បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារ​ GSB ​បានដាក់ចេញវិធានការបន្ធូរបន្ថយជាង២០ ក្នុងតម្លៃជាង២០០ពាន់លានបាត ឬស្មើនឹងជាង៦,២ពាន់លាន (6 247 665 411)ដុល្លារ។ វិធានការមួយ គឺជាប្រាក់កម្ចីសម្រាប់អតិថិជនជាលក្ខណៈឯកជន អាចខ្ចីបាន ចាប់ពី១០ ០០០ (ជាង៣០០ដុល្លារ) ទៅ៥០ ០០០បាត (ជាង១ ៥០០ដុល្លារ)៕