នៅពេលអាយុកាន់តែច្រើន ស្នាមជ្រួញនិងបញ្ហាស្បែកផ្សេងៗនឹងចូលមកស្វាគមន៍មនុស្សស្រីស្ទើរគ្រប់គ្នា។ ការប្រើឡេលាបមុខមានតម្លៃថ្លៃៗ នៅមិនទាន់គ្រប់គ្រាន់ឡើយដើម្បីបានស្បែកស្រស់ស្អាត។ ប្រសិនបើសុភាពនារីបន្តទម្លាប់ដែលជាកំហុសបំផ្លាញស្បែកជារៀងរាល់ថ្ងៃ។

១. ម៉ាស្សាមុខជារៀងរាល់ថ្ងៃ
ម៉ាស្សាមុខនៅទីនេះ មិនមែនមានន័យថាឲ្យអ្នកទៅហាងថែសម្ផស្សរាល់ថ្ងៃខ្ជះខ្ជាយលុយនោះទេ ប៉ុន្តែគឺការថែស្បែកមុខនៅផ្ទះ។ បន្ទាប់ពីលាងសម្អាតមុខរួច អ្នកគួរយកដៃត្រដុសស្បែកមុខថ្នមៗ ដើម្បីជួយឲ្យចរន្តឈាមដើរបានស្រួល។ ម្យ៉ាងទៀត ការម៉ាស្សាមុខ ជួយចលនាសាច់ដុំ មិនឲ្យកើតស្នាមជ្រួញផងដែរ។

២. ផឹកទឹកគ្រប់គ្រាន់
រឿងសំខាន់ដើម្បីមានសម្រស់ផូរផង់ ចេញឆ្ងាយពីស្នាមជ្រួញ មិនត្រូវបណ្ដោយឲ្យរាងកាយខ្សោះជាតិទឹកឡើយ។ រាល់ថ្ងៃ ត្រូវផឹកទឹកឲ្យគ្រប់គ្រាន់ ព្រោះទឹកជាជីវជាតិចម្បងជួយឲ្យស្បែកស្រស់ស្អាតបានយូរអង្វែង។

៣. លាបឡេការពារកម្ដៅថ្ងៃ
ពន្លឺព្រះអាទិត្យអាចបំផ្លាញស្បែកយ៉ាងធ្ងន់ធ្ងរ ដូច្នេះមិនត្រូវភ្លេចលាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃនោះឡើយ។

៤. ខាត់ស្បែកឲ្យបានទៀងទាត់
ការណែនាំដ៏សំខាន់បំផុតមួយពីអ្នកជំនាញផ្នែកសើស្បែក ប្រាប់ថា វិធីមួយដើម្បីបានស្បែកស្រស់ស្អាតនិងទន់រលោង គឺត្រូវខាត់ស្បែកយ៉ាងហោច ១ -២ ដងក្នុងមួយសប្ដាហ៍។ វាជួយជម្រុះកោសិកាចាស់ៗ និងបណ្ដុះកោសិកាថ្មីៗឲ្យលូតលាស់បានល្អ មើលទៅមានពន្លឺ និងស្រទន់៕