នៅពេលត្រូវទៅចូលរួមកម្មវិធី នារីៗតែងតែមានការតែងមុខ ផាត់ម្សៅ ប៉ុន្តែក្រោយពេលត្រឡប់ពីកម្មវិធីវិញ មុនពេលចូលគេង អ្នកត្រូវលាងសម្អាតគ្រឿងសម្អាង ឱ្យស្អាតសិន មិនត្រូវចូលគេងទាំងគ្រឿងសម្អាងជាប់មុខនោះទេ ព្រោះវាជាមូលហេតុមួយនៃការកើតមុន។ ដូច្នេះ តើអ្នកត្រូវលាងគ្រឿងសម្អាងលើមុខរបស់អ្នកយ៉ាងណា ទើបបានស្អាត ?

១. វិធីលាងគ្រឿងសម្អាងដែលពិបាកលាង
ក្រុមគ្រឿងសម្អាងដែលពិបាកលាង ឬគ្រឿងសម្អាងប្រភេទការពារទឹក ដែលធ្វើឱ្យអ្នកមានអារម្មណ៍រំខាន ដោយសារត្រូវដុសលាងច្រើនដង ទម្រាំជ្រះ ធ្វើឱ្យខាតពេលដូច្នេះ អ្នកអាចសាកល្បងមកប្រើប្រេងលាងសម្អាត ឬប្រេងដូង ក៏បានដោយចាក់ប្រេងបន្តិចបន្តួចលើបាតដៃ រួចយកមកម៉ាស្សាត្រដុសឱ្យពេញផ្ទៃមុខ រហូតគ្រឿងសម្អាងជ្រះអស់ បន្ទាប់មកសឹមលាងមុខបន្តឱ្យស្អាត។

២. ប្រើប្រេងលាងសម្អាតចំណុចខ្លះ
នារីមួយចំនួនខ្លាចការប្រើប្រេងលាងមុខ ធ្វើឱ្យស្ទះរន្ធញើស ជាពិសេសនារីដែលស្បែកមុខ ងាយប្រតិកម្ម និងកើតមុន បើបែបនេះ អ្នកអាចប្រើប្រេងលាងសម្អាតតែផ្នែកខ្លះ ដូចជា ប្រើសំឡីជ្រលក់ប្រេងលាងសម្អាត ជូតសម្អាតគ្រឿងសម្អាងតែងភ្នែក ឬម៉ាស្ការ៉ា ឬក្រែមលាបបបូរមាត់ប្រភេទការពារទឹកនោះ អ្នកនឹងអស់បារម្ភរឿងមុខកើតមុន ដោយសារប្រេងសម្អាតមុខទៀតហើយ។

៣. កម្ចាត់ក្រែមភ្លឺផ្លេកដោយស្កុត
ប្រសិនបើអ្នកតែងមុខដោយមានប្រើក្រែមប្រភេទភ្លឺផ្លេក នៅពេលត្រូវលាងសម្អាត ទោះបីជាលាងយ៉ាងណា ក៏វានៅតែតោងជាប់លើមុខ ឬជុំវិញរង្វង់ភ្នែក ប៉ុន្តែអ្នកអាចកម្ចាត់សំណល់ភ្លឺផ្លេកនេះ បានដោយយកស្កុត ឬបង់ស្អិត មកបិទរួចទាញបកចេញធ្វើដដែលៗ នឹងជ្រះអស់ បន្ទាប់មកក៏លាងសម្អាតមុខតាមធម្មតា។

៤. ការលាងគ្រឿងសម្អាងសម្រាប់អ្នក ស្បែកងាយប្រតិកម្ម
នារីដែលមានបញ្ហាស្បែក ងាយប្រតិកម្ម តែងមានកង្វល់នៅពេលចាំបាច់ត្រូវតែងមុខ ព្រោះបើលាងគ្រឿងសម្អាងមិនបានស្អាតហ្មត់ចត់ អាចកើតមុនថ្មីទៀតបានងាយ ឬទឹកថ្នាំលាងសម្អាតគ្រឿងសម្អាង អាចធ្វើឱ្យកើតភាពរោលក្រហាយ រហូតស្បែកមុខរលាកក្រហម ឬកើតកន្ទួល។ ដូច្នេះគួរសាកល្បងជ្រើសប្រើផលិតផលសម្អាតគ្រឿងសម្អាងប្រភេទក្រែម ដោយជ្រើសបែបទន់ភ្លន់ មិនមានផ្សំទឹកអប់ មកលាបឈ្លីម៉ាស្សាថ្នមៗលើផ្ទៃមុខ រហូតទាល់ តែគ្រឿងសម្អាងជ្រះអស់ ហើយប្រើសំឡីជូតថ្នមៗ៕