រដ្ឋធានីសេអ៊ូល៖ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានអះអាងថា ខ្លួនមានគម្រោងបញ្ជូនកងទ័ព​ ទៅចូលរួមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយនឹងសម្ពន្ធមិត្ដ រួមមាន សហរដ្ឋអាមេរិក និងអូស្រ្ដាលី នៅក្នុងដែនទឹករបស់អូស្រ្ដាលី ហើយ​នេះជាការផ្ញើ​សារមួយទៅកាន់ចិនឲ្យកាន់តែក្ដៅស្លឹកត្រចៀក​ខ្លាំងឡើងបន្ថែមទៀត។

សារព័ត៌មានរបស់កូរ៉េខាងត្បូង The Korea Herald បាន​ផ្សាយថា ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ថា កូរ៉េខាងត្បូងមានគម្រោងបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ ជាមួយនឹងសហរដ្ឋអាមេរិកហើយអូស្រ្ដាលី ដែលគ្រោងនឹងធ្វើឡើង នៅខែកក្កដា ខាងមុខនេះ។​

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង នឹងបញ្ជូននាវាពិឃាដ ចំណុះ ៤ ៤០០ តោន ទៅចូលរួមសមយុទ្ធ Talisman Saber ដែលគ្រោងនឹងធ្វើឡើង នៅពាក់កណ្តាល ខែកក្កដា នៅក្នុងដែនទឹកអូស្ត្រាលី។ សមយុទ្ធប្រចាំឆ្នាំនេះ ជាសកម្មភាព​បណ្តុះបណ្តាលទ្វេភាគីដ៏ធំបំផុត រវាងសហរដ្ឋអាមេរិក និងអូស្ត្រាលី។

លោក ប៊ូ ស៊ុងចាន់ (Boo Seung-chan) អ្នកនាំពាក្យក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានថា «យើងបានសម្រេចចិត្តចូលរួមធ្វើសមយុទ្ធយោធាជាលើកដំបូង នៅឆ្នាំនេះ ដោយមានគោលបំណង បង្កើនសមត្ថភាព​កងទ័ពរបស់យើង នៅក្នុងប្រតិបត្ដិការរួមគ្នា។ ប៉ុន្ដែការធ្វើសមយុទ្ធ កាលពីអំឡុងឆ្នាំ២០១៩ កងទ័ពកូរ៉េខាងត្បូង បានចូលរួម គ្រាន់តែជាអ្នកអង្កេតការណ៍ប៉ុណ្ណោះ។

អ្នកជំនាញខាងយោធាពិភពលោក បានអះអាងថា សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នៅអាស៊ី នាពេលនេះ ​មានគោលបំណង បង្កើនការទប់ទល់ឲ្យកាន់តែខ្លាំងក្លា ប្រឆាំងនឹងឥទ្ធិពលយោធារបស់ប្រទេសចិន ជាពិសេស ក្រោយពេលទំនាក់ទំនង រវាងអូស្រ្តាលី និងចិន កាន់តែឡើងកម្ដៅ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងថា សមយុទ្ធយោធានេះ ​មិនមានគោលបំណងសំដៅទៅលើ​ប្រទេសណាមួយនោះឡើយ។

បើតាមមន្រ្ដីយោធាអូស្រ្ដាលី បានបញ្ជាក់ថា កងទ័ពអង់គ្លេស កាណាដា នូវ៉ែលហ្សេឡង់ និងជប៉ុន ក៏នឹងចូលរួម នៅក្នុងធ្វើសមយុទ្ធកងទ័ពជើងទឹក នៅឆ្នាំនេះដែរ ខណៈកងទ័ពបារាំង ឥណ្ឌា និងឥណ្ឌូនេស៊ី នឹងចូលរួមធ្វើជាអ្នកសង្កេតការណ៍។​ ការធ្វើសមយុទ្ធ នៅឆ្នាំនេះ នឹងត្រូវធ្វើឡើង ក្នុង​ទ្រទ្រង់មួយ សម្រាប់ទប់ទល់នឹង​ការរាតត្បាត ពីជំងឺកូវីដ​-១៩ ដោយមានកងទ័ព ​ប្រហែល ១៧ ០០០នាក់ ​ចូលរួម ឬស្មើនឹង​ប្រហែលពាក់កណ្តាល នៃសមយុទ្ធ កាលពីឆ្នាំ២០១៩។​

​សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បាន​ផ្សាយថា កងទ័ពកូរ៉េខាងត្បូង ប្រហែល ១ ៨០០នាក់ នឹងបញ្ជូនទៅកាន់ប្រទេសអូស្រ្ដាលី ហើយ​​ពួកគេនឹងត្រូវធ្វើចត្ដាឡីស័ក រយៈពេល២សប្ដាហ៍ មុននឹងចូលរួមធ្វើសមយុទ្ធនេះ។​

ការធ្វើសមយុទ្ធនេះ បានកើតឡើង ក្រោយពេលទំនាក់ទំនង រវាងអូស្រ្ដាលី​ និងចិន កាន់តែមានភាពតាន់តឹងដាក់គ្នា ចំពេលប្រទេសចិនកំពុងតែមានភាពតាន​ជាមួយនឹងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ឬហៅកាត់ «អាស៊ាន» ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដែលមានស្រាប់ផងនោះ។ ចិនតែងតែអះអាងថា ​ដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅដោយឧស្ម័ន្ធ រ៉ែ និងជីវចម្រុះ ហើយមានទំហំពាណិជ្ជកម្មឆ្លងកាត់ រហូតដល់៣លានលាន (៣ ០០០ ០០០ ០០០ ០០០) ដុល្លារសហរដ្ឋអាមេរិកនោះ គឺ​ភាគច្រើនបំផុតជាដែនអធិបតេយ្យភាពរបស់ខ្លួន។ ជាមួយគ្នានឹងការអះអាងបែបនេះ ចិនបានបង្កើនសម្មភាពរបស់ខ្លួនទៅលើដែនទឹកជម្លោះនោះ ទើបនាំឲ្យមានទំនាស់ជាមួយនឹងប្រទេសវៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក តែងតែបញ្ជូននាវាផ្ទុកយន្ដហោះ និងនាវាចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងទៅកាន់ដែនសមុទ្រចិនខាងត្បូង ក្រោមហេតុផលថា នេះជាសេរីភាពខាងនាវាចរណ៍របស់ពិភពលោក មិនមានប្រទេសណាមួយ យកដែនសមុទ្រនេះ មកធ្វើជាកម្មសិទ្ធិផ្ដាច់មុខបានឡើយ។ ករណីនេះ​ធ្វើឲ្យចិនខឹងសម្បា និងតវ៉ាប្រឆាំងនឹងសកម្មភាពរបស់អាមេរិកយ៉ាងខ្លាំង​៕​