រាជធានីភ្នំពេញ ៖ យុវជនម្នាក់នេះ មិនធម្មតាឡើង ឲ្យឃើញអ្នកណាទុកម៉ូតូប្រហែសមិនបានឡើយ ពោលគឺដឹងតែទៅយកតែម៉ូតូ ដោយសរុបត្រួសៗ ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូគេចំនួន៥ដង ទើបតែលើកចុងក្រោយនេះ ទើបអស់លក្ខណ៍ជាប់ខ្នោះរបស់សមត្ថកិច្ច។

ការចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូនេះ បានធ្វើឡើង នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ឈិន ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យធ្លាប់ធ្វើ កម្មភាពលួចកាច់កម៉ូតូ ចំនួន៥ដង បានសម្រេចចំនួន៣ដង ។

លោកថេង កុសល នាយប៉ុស្តិ៍ រដ្ឋបាលសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងចុះល្បាតពួនស្ទះក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញជនសង្ស័យ ធ្វើសកម្មភាពលួចកាច់កម៉ូតូ។

ភ្លាមៗ កម្លាំងសមត្ថកិច្ច ក៏បង្រ្កាប់ចាប់ឃាត់ខ្លួនជនសង្ស័យ តែម្តង ដោយដកហូតម៉ូតូ១គ្រឿង ម៉ាក ហ៊្សុយហ៊្សុយគីនិច ស៊េរីឆ្នាំ២០២០ ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1-IA 0375 ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ នាំមកធ្វើការសាកសួរ ដើម្បីកសាង សំណុំរឿងចាត់ការតាមផ្លូវច្បាប់៕