រាជធានីភ្នំពេញ ៖ យោងតាមសារសំឡេងរបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ នេះបានលើកឡើងតាមរយៈប្រព័ន្ធទំនាក់ទំនង Telegram ថា មកទល់នឹងពេលនេះ ក្រៅតែពីវ៉ាក់សាំងចាក់សម្រាប់បង្ការជំងឺកូវីដ១៩ គឺមិនមានឱសថណាមួយអាចការពារ ឬព្យាបាលជំងឺមួយនេះបានឡើយ។ ចំពោះការលើកឡើងទាក់ទិននឹងបញ្ហាខាងលើនេះធ្វើឡើងក្រោយពេលមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាផ្អើលទៅទិញថ្នាំការពារជំងឺកូវីដតាមបណ្តាឱសថស្ថាននានាតាមរយៈការឃោសនាអកុសលរបស់ជនអគតិមួយចំនួន។

ជាមួយគ្នានេះផងដែរ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងច្បាស់ៗថា «ក្រៅតែពីវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ គឺមិនមានឱសថណាដែលបានបញ្ជាក់ថា ជាឱសថសម្រាប់ការពារជំងឺកូវីដ១៩ទេ!»។ គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះជំងឺកូវីដ១៩កំពុងតែបន្តការរីករាលដាលកាន់តែគួរឲ្យព្រួយបារម្ភ ខណៈចំនួនអ្នកឆ្លង ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តកំពុងតែមានការកើនឡើងគួរឲ្យព្រួយបារម្ភផងដែរ៕