រដ្ឋធានីហាណូយ៖ ប្រទេសកូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្មដ៏ធំ​លំដាប់លេខ​ទី២​របស់វៀតណាម ដែលបានបោះទុនវិនិយោគ ដោយផ្ទាល់ ជិត៧០ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន ​ប្រទេសអាស៊ានមួយនេះ បានស្នើដល់រដ្ឋាភិបាលទីក្រុងសេអ៊ូល ជួយ​​ស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ខណៈ​វ៉ាក់សាំងរបស់វៀតណាម ​ចំនួន២ប្រភេទ កំពុងតែដំណើរការសាកល្បង ដោយទទួលបានលទ្ធផលជាវិជ្ជមាន។

សារព័ត៌មានវៀតណាមវីអិនអ៊ិចប្រិស (Vnexpress) បានចេញផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ថា ​ នៅក្នុងជំនួបចរចាជាមួយនឹងលោក ជុង អ៊ុយ-យ៉ុង (Chung Eui-yong) រដ្ឋមន្រ្ដីក្រសួងការបរទេសកូរ៉េខាងត្បូង នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែមិថុនា លោក ប៊ុយ ថាញ់សុន ( Bui Thanh Son) រដ្ឋមន្រ្ដីក្រសួងការបរទេសវៀតណាម បានស្នើដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ឲ្យបង្កើនកិច្ចសហប្រតិបត្ដិការ​ស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩។ ការស្នើសុំបែបនេះ ក៏ដោយសារតែវវៀតណាមមានសង្ឃឹមយ៉ាងខ្លាំងទៅលើវ៉ាក់សាំង ដែលបង្កើតឡើងដោយខ្លួនឯង កំពុងតែទទួលបានលទ្ធផលជាវិជ្ជមាន នៅក្នុងដំណាក់កាលសាកល្បងជាលើកទី៣។

លោក ប៊ុយ ថាញ់ស៊ុន រដ្ឋមន្រ្ដីក្រសួងការបរទេសវៀតណាម បានស្នើដល់ប្រទេសកូរ៉េខាងត្បូង ​ជួយផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសរបស់ខ្លួន ​ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ហើយស្ដារសេដ្ឋកិច្ច​ជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋឲ្យវិលទៅរកភាពធម្មតាវិញ។ ក្រៅពីនេះ លោករដ្ឋមន្រ្ដីក៏បានស្នើសុំដល់រដ្ឋាភិបាលទីក្រុងសេអ៊ូល ជួយបង្កើតលក្ខខណ្ឌអនុគ្រោះ សម្រាប់ទំនិញរបស់វៀតណាម ចូលទៅកាន់ទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង និងធ្វើឲ្យប្រសើរឡើងនូវបរិមាណវិនិយោគ ក៏ដូចជា ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្ដិការទ្វេភាគី ទាំងក្នុងវិស័យការងារ វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា។​

សារព័ត៌មានវៀតណាម បានផ្សាយថា​ ​វ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាឱសថ Nanogen JSC  ( ​Nanogen Pharmaceutical Biotechnology JSC) នៅក្នុងប្រទេសវៀតណាម នឹងក្លាយជាវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រកបដោយសក្តានុពលបំផុត។ ​ឥឡូវ វ៉ាក់សាំងនេះកំពុងស្ថិតក្នុងដំណាក់កាល​សាកល្បង​លើកទី៣ ហើយវានឹង​ក្លាយជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន១៥ ស្ថិតក្នុងការសាកល្បង ក្នុងដំណាក់កាលទី៣ នៅលើពិភពលោក។​ រីឯវ៉ាក់សាំងដែលបង្កើតឡើង ដោយវៀតណាមនេះ អាចរក្សាទុក នៅក្នុងសីតុណ្ហភាព ចន្លោះពី២-៨អង្សា​ ហើយវាមានតម្លៃ ចន្លោះពី​៤-១០ដុល្លារអាមេរិក ក្នុង១ដូស។

បើតាមតួលេខ​ឆ្នាំ២០២០ បានឲ្យដឹងថា កូរ៉េខាងត្បូង​ ជាដៃគូពាណិជ្ជកម្មធំទី២របស់វៀតណាម។ ប្រទេសនេះ​ក៏ជាអ្នកផ្តល់ការវិនិយោគ​ពីបរទេសដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម ដោយបោះទុន សរុបជិត ៧០ ពាន់លានដុល្លារ ហើយមានគម្រោង​ជាង៨ ០០០ ​នៅតាមតំបន់ជាច្រើន នៅក្នុងប្រទេសអាស៊ានមួយនេះ៕