រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង៣០នាទីទាបភ្លឺ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែង ពី បទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រអំពើហិង្សា (ឆក់កាបូបស្ពាយ បណ្ដាលឲ្យជនរងគ្រោះ ធ្លាក់ពីលើម៉ូតូរ៉ឺម៉កកង់បីរងរបួសបែកចុងចិញ្ចើមឆ្វេងរបួសធ្ងន់) ។ករណីចោរកម្មនេះ បានកើតឡើង នៅចំណុចមុខផ្ទះលេខ២៧២ ផ្លូវលេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វណ្ណ សុភ័ក្ត្រ ហៅ ដា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ជា ពិសាល ហៅ ពឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដកហូតម៉ូតូ០១គ្រឿងម៉ាក Suzuki Sirius ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-9836 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ចាប់យកពីឈ្មោះ ជា ពិសាល និងកាបូបស្ពាយមួយពណ៌ខ្មៅ ក្នុងកាបូបមាន លុយខ្មែរ ២០៧ ០០០រៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីរសន្លឹក , ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩មួយ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO S7 ពណ៌ខ្មៅ បឲ (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើឆក់យក) ។

ចំណែក ជនរងគ្រោះឈ្មោះ កុយ ណាត ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើនៅផ្លូវលេខ២០០២ ស្នាក់នៅផ្ទះជួលលេខ២៥៨ ផ្លូវលេខ២០០២ ភូមិបូរីកម្មករ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះរងរបួសបែកចុងចិញ្ចើមខាងឆ្វេង (ដោយសារជនសង្ស័យទាំងពីរនាក់ខាងលើ ឆក់បណ្ដាលឲ្យធ្លាក់ ពីលើម៉ូតូរ៉ឺកង់បីរបួសធ្ងន់) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿងទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់វិញ៕