ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប មានស្ថានភាពគួរឲ្យកត់សម្គាល់ មានអ្នកឆ្លង និងអ្នកស្លាប់កាន់តែកើនឡើង ស្ទើរតែគ្រប់ក្រុង-ស្រុកនៃខេត្តសៀមរាប។

អ្នកស្លាប់ភាគច្រើនជាជនចាស់ជរា ឬមានជំងឺប្រចាំកាយ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺធាត់ លើសឈាម។ល។ ដែលធ្វើឲ្យជំងឺកូវីដ១៩ ប្រល័យជីវិតកាន់តែឆាប់រហ័ស។

ការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្ម ដែលអាជ្ញាធរបានហាមឃាត់ ការរត់គេចពីតំបន់មានហានិភ័យ ឬរត់គេចពីមណ្ឌលចត្តាឡីស័ក នឹងធ្វើឲ្យការឆ្លងកាន់តែរីករាលដាល រហូតប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងជាពិសេសប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ខ្លួនផ្ទាល់។

គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកឆ្លង៦៧៦នាក់ , ជាសះស្បើយ ១៧៨នាក់ , កំពុងសម្រាកព្យាបាលចំនួន ៤៩១នាក់ និងអ្នកបាត់បង់ជីវិតចំនួន៧នាក់។ ជាក់ស្តែងថ្ងៃនេះមានករណីមីងម្នាក់ អាយុ៦២ឆ្នាំ បានបាត់បង់ជីវិត ដោយកូវីដ១៩ អស់សួតទាំងសងខាង ត្រឹមរយៈពេលមិនដល់១អាទិត្យនៃការឆ្លង។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៧នាក់ ខណៈអ្នកជំងឺ៥៤៨ នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤ ៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៣៩ ៣១៤នាក់ និងស្លាប់សរុបចំនួន ៤៧៥នាក់៕