រដ្ឋធានីហាណូយ៖ ក្រោយពេលការសាកល្បងលើវ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax ដែលបង្កើតឡើងដោយខ្លួនឯង នៅក្នុងដំណាក់កាលទី៣នោះ វៀតណាមកាន់តែមានសង្ឃឹមខ្លាំងឡើងថា វ៉ាក់សាំងរបស់ខ្លួន កំពុងតែបង្ហាញសញ្ញាវិជ្ជមាន ហើយវៀតណាមនឹងមានសមត្ថភាពផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១០០លានដូស ក្នុង១ឆ្នាំ។

សារព័ត៌មានវៀតណាម (Vietnamnet.vn) បានចេញផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ថា ការសាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax ដែលផលិតក្នុងស្រុក បានបង្ហាញសញ្ញាវិជ្ជមានហើយ។ ប្រសិបើនៅក្នុងករណីអនុម័តឲ្យប្រើប្រាស់បន្ទាន់នោះ វៀតណាមអាចមានសមត្ថភាពផលិតវ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួន ចំនួន១០០លានដូស ក្នុង​១ឆ្នាំ។​

សារព័ត៌មានដដែល បានបន្ដថា​ បច្ចុប្បន្ន វ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាឱសថ Nanogen JSC  ( ​Nanogen Pharmaceutical Biotechnology JSC) នឹងក្លាយជាវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រកបដោយសក្តានុពលបំផុត។ ​ឥឡូវ វ៉ាក់សាំងនេះកំពុងស្ថិតក្នុងដំណាក់កាល​សាកល្បង​លើកទី៣ ដោយមានអ្នកស្ម័គ្រចិត្ត ចំនួន១ ០០០ នាក់ចូលរួមសាកល្បង។ រហូតមកដល់ពេលនេះ វ៉ាក់សាំង Nanocovax មាន​ប្រតិកម្ម (Anaphylactic Reaction) តែមួយប៉ុណ្ណោះ ហើយអ្នកស្ម័គ្រនោះបានព្យាបាលជាសះស្បើយឡើងវិញហើយ។​​

នៅក្នុងដំណាក់កាលសា​កល្បងពីទី១-២នោះ វ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax បានបង្ហាញប្រសិទ្ធភាពទប់ទល់ ​ប្រឆាំងនឹងវីរុសកូនកាត់ (វីរុសបម្លែងខ្លួនថ្មី) ដែលរកឃើញ នៅក្នុងចក្រភពអង់គ្លេស និងប្រទេសអាហ្វ្រិកខាងត្បូងថែមទៀតផង។ វ៉ាក់សាំងបង្ការកូវីដ-១ Nanocovax ត្រូវគេរំថា នឹងល្អដូចវ៉ាក់សាំងរបស់បរទេសដែរ។ ប្រសិនបើវ៉ាក់សាំងបង្ការកូវីដ-១៩នេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់នោះ ក្រុមហ៊ុន​ Nanogen ​មានសមត្ថភាពផលិតវ៉ាក់សាំងចំនួន១០០លានដូស ក្នុង១ឆ្នាំ។​

នៅក្នុងដំណាក់កាលសាកល្បងដំណាកលទី២ដំបូង រកឃើញថា អ្នកស្ម័គ្រចិត្ត១០០ភាគរយទទួលបានភាពស៊ាំ (Immunity) ល្អប្រសើរ ហើយ​អត្រាបង្កើតភាពស៊ាំ (Seroconversion Rate) ​ពិសេសក្នុងឈាម​ ឈាន​ដល់ទៅ៩៩,៤ភាគរយ​ ​ធៀបនឹងវ៉ាក់សាំង Pfizer  ចន្លោះពី៩១-៩៦ភាគរយ, ខណៈ១០០ភាគរយ សម្រាប់ Moderna និងចន្លោះពី៩៦-១០០ភាគរយ សម្រាប់វ៉ាក់សាំង Novavax មួយទៀត ដែលបង្កើតឡើងដោយវៀតណាម ​។

ដោយឡែកអត្រា នៃផលប៉ះពាល់ ពី Nanocovax ​គឺទាបជាងវ៉ាក់សាំង Pfizer និង Moderna របស់អាមេរិក។​ បច្ចុប្បន្ន វ៉ាក់សាំងបង្ការកូវីដ-១៩ Nanocovax ក្លាយជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន១៥ ស្ថិតក្នុងការសាកល្បង ក្នុងដំណាក់កាលទី៣ នៅលើពិភពលោក។​ វ៉ាក់សាំងដែលបង្កើតឡើង ដោយវៀតណាមនេះ អាចរក្សាទុក នៅក្នុងសីតុណ្ហភាព ចន្លោះពី២-៨អង្សា​ ហើយវាមានតម្លៃ ចន្លោះពី​៤-១០ដុល្លារអាមេរិក ក្នុង១ដូស៕​