រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ប្រទេសថៃ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ចិន និងវ៉ាក់សាំងរបស់លោកខាងលិច ហើយសា​កលវិទ្យាល័យដ៏ល្បីល្បាញមួយរបស់ថៃ បានអះអាងថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac ចំនួន២ដូស អាចជួយបង្កើនភាពស៊ាំទប់ទល់ ប្រឆាំងនឹងវីរុសកូវីដ-១៩ រហូតដល់ជាង៥០ភាគរយ។​

សារព័ត៌មាន Pattayamail បានចេញផ្សាយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ថា មហាវិទ្យាល័យវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យ Chulalongkorn បានរាយការណ៍ថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac ចំនួន២ដូស ​អាចជួយ​បង្កើនភាពស៊ាំ (immunity)រហូតដល់​ជាង​៥០ភាគរយ ទប់ទល់ ប្រឆាំងនឹងវីរុសកូវីដ-១៩។​ សា​កលវិទ្យាល័យ​នេះបានធ្វើការជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដរបស់កងទ័ព ​អនុវត្ដការធ្វើតេស្ដទៅលើប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac ចំនួន២ដូស។

បើតាមសាកលវិទ្យាល័យ​ Chulalongkorn ​បានឲ្យដឹងថា «បច្ចេកវិទ្យា ELISA (Enzyme-linked Immunosorbent Assay) ត្រូវបានប្រើប្រាស់ នៅក្នុងមន្ទីរពិសោធន៍ បានបង្ហាញថា ៩៥ភាគរយ នៃមនុស្សចំនួន១៨៦នាក់ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac​ ចំនួន២ដូស បានបង្កើនភាពស៊ាំរួចរាល់ហើយ សម្រាប់ទប់ទល់ ប្រឆាំងនឹងវីរុសកូវីដ-១៩។ ជាមួយគ្នានេះ ការតេស្ដឈាម ក៏បានបង្ហាញថា ៧០ភាគរយ នៃចំនួនមនុស្ស១៧១នាក់ ដែលបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ Sinavoc  ចំនួន២ដូស ក្នុងរយៈពេលជាង២សប្ដាហ៍ រកឃើញភាពស៊ាំជាង៥០ភាគរយ អាចទប់ទល់ ប្រឆាំងនឹងវីរុស(NNT) ។

បើតាមសារព័ត៌មាន The Nation  បានផ្សាយ នៅព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ថា ​​ថៃ​បានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ សរុប ៧,៦លាននាក់ (៧ ៦៧៩ ០៥៧នាក់) ហើយក្នុងនោះអ្នកចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ហើយជាង២លាននាក់។ បច្ចុប្បន្ន ថៃ​អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer, Johnson & Johnson, Moderna, AstraZeneca, Sinovac និង Sinopharm ។ គិតត្រឹមវេលាខាងលើ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ សរុប ២២១ ៣០៦នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ១៨៥ ៧៨៩នាក់ និងស្លាប់ ១ ៦៥៩៨នាក់៕