ប្រទេសថៃ៖ កាលពីពេលថ្មីៗមានរឿងរ៉ាវកំពុងតែផ្ទុះខ្លាំងនៅក្នុងប្រទេសថៃ ដែលរឿងនេះបានធ្វើឲ្យអង្រួនចិត្តមនុស្សគ្រប់គ្នាមានការអាណិតអាសូរជាខ្លាំងទៅលើស្រ្ដីដែលមានវ័យចំណាស់ជរា៤រូប រហូតឈានដល់ការប្រមូលលុយគ្នាចូលរួមបរិច្ចាគជូនដល់លោកយាយទាំង៤នោះ ក្រោយបាត់បង់ផ្ទះសម្បែងក្រោយស្នាដៃកូនដែលត្រូវគេបោកប្រាស់ ព្រោះតែចង់ទៅធ្វើការនៅតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

បើយោងទៅតាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា តុលាការបានសម្រេចចេញដីកាឲ្យលោកយាយទាំង៤ រើចេញពីផ្ទះរយៈពេល៣០ថ្ងៃទៀត​​ ដែលថ្មីៗនេះម្ចាស់ផ្ទះថ្មីកំពុងត្រៀមបញ្ចេញលក់ផ្ទះនោះក្នុងតម្លៃ២លានបាត ដែលដីនៅផ្ទះនោះមានការហក់ឡើងថ្លៃយ៉ាងខ្លាំង ក្រោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យគេរៀបចំការឈូសឆាយតំបន់នោះ ដើម្បីធ្វើការអភិវឌ្ឍ។

ករណីដែលលោកយាយទាំង៤បានបាត់បង់ផ្ទះនេះគឺកើតឡើងដោយសារកូនរបស់គាត់បានចាញ់បោកមេខ្យល់ម្នាក់ ដែលបានអះអាងរត់ការឲ្យកូនប្រុសគាត់បានទៅធ្វើការនៅតៃវ៉ាន់ ដោយបុរសជាកូន បានយកប្លង់ផ្ទះទៅដាក់បញ្ចាំក្នុងតម្លៃដ៏ខ្ពស់មួយ ដោយសង្ឃឹមថាពេលបានទៅធ្វើការនៅតៃវ៉ាន់ហើយនោះ អាចរកលុយរំលោះផ្ទះយកមកវិញ ប៉ុន្តែជាអុកសលកូនប្រុសរបស់គាត់ក៏បានចាញ់បោកគេ រហូតដល់គ្មានប្រាក់ត្រឡប់មកវិញដើម្បីសងបំណុល បណ្តាលឲ្យដល់ពេលវេលាកំណត់ ម្ចាស់បំណុលក៏បានដាក់ដីលក់ដេញថ្លៃនៅឆ្នាំ២០១៩ ក្នុងតម្លៃ៩,៨រយពាន់បាត។

លោកយាយទាំង៤ បានធ្វើដំណើរដើម្បីដាក់ញត្តិទៅតុលាការខេត្ត Sukhothai ដើម្បីពន្យាររយៈពេលសម្រាប់ឲ្យក្រុមគ្រួសាររបស់ពួកគាត់បានស្នាក់នៅផ្ទះរយៈពេល៦០ថ្ងៃទៀត ដើម្បីចរចាជាមួយម្ចាស់បំណុលម្តងទៀត ដែលក្រោយមកនៅពេលរសៀលនេះមេធាវីបាននិយាយថា តុលាការបានផ្តល់ការបន្តរយៈពេលតែ៣០ថ្ងៃប៉ុណ្ណោះ។

ជាមួយគ្នានេះដែរលោកយាយទាំង៤ ក៏បានធ្វើការសូមថ្លែងអំណរគុណចំពោះប្រជាជនថៃ ដែលបានជួយដល់ពួកគាត់ចំពោះទឹកប្រាក់បរិច្ចាគចុងក្រោយឥឡូវនេះវាមានចំនួនប្រហែល១,៥លានបាត តែលុយនេះនៅតែមិនអាចទិញផ្ទះនេះមកវិញបាន ដោយសារតែម្ចាស់បំណុលចង់លក់វាវិញក្នុងតម្លៃ២លានបាត ដែលកាលពីមុនត្រូវបានគេសម្របសម្រួលដើម្បីទិញផ្ទះនេះគ្រប់ពេល ប៉ុន្តែម្ចាស់បំណុលមិនយល់ស្របឡើយ ដែលម្ចាស់បំណុលដាច់ខាតត្រូវតែលក់ក្នុងតម្លៃ២លានបាត។

អ្នកយកព័ត៌មានបានរាយការណ៍មកថា លោក Somsak Thepsutin រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​នឹងធ្វើដំណើរទៅកាន់ផ្ទះលោកយាយទាំង៤ ដើម្បីជួយចរចាជាមួយម្ចាស់បំណុលនៅថ្ងៃទី២៥ ខែមិថុនា ហើយលោកក៏បានត្រៀមខ្លួនរកវិធីជួយលោកយាយពីបញ្ហាដែលបានកើតឡើង ដូច្នេះរឿងទាំងមូលអាចបញ្ចប់បានល្អសម្រាប់គ្រប់ភាគីទាំងអស់ ៕