រាជធានីភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការបំផ្លាញស្រាថ្នាំ តាំង គួយ ចំនួន ២,៣១៣យួរ ស្មើ ២៧,៧៥៦ដប ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គូសបញ្ជាក់ដែរថា ស្រាថ្នាំ តាំង គួយ បានបណ្តាលឱ្យមនុស្សពុលស្លាប់ចំនួន ៧នាក់ (ជនជាតិថៃចំនួន ១នាក់)ដែលក្នុងស្រាថ្នាំនេះមានសារធាតុ មេតាណុលកំរិតខ្ពស់ដល់ ១៤% (អនុលោម <០.២%) (របាយការណ៍សុខាភិបាល) ហើយផលិតផលស្រាថ្នាំ តាំង គួយ នេះដែរ ល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា ត្រង់មាត្រា១៨ ជំពូកទី ៤ ចែងថា៖ ត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្រប នឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញត្តិនៃក្រសួងពាក់ព័ន្ធ ហើយត្រូវទទួលទោសក្នុងមាត្រា៦៣ នៃច្បាប់ដដែលចែងថា៖ ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១៦ ១៧ ១៨ និង ២១ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែ ដល់ ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០(ប្រាំលាន)រៀល ដល់ ១០ ០០០០០០(ដប់លាន) រៀល ឬទោសណាមួយនៃទោសទាំងពីរ៕