រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ក្រិច ហុង ដែលមានទីតាំងស្ថិតនៅផ្សារបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវតាមដានសុខភាពរបស់ខ្លួន ព្រោះមានអ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល និងពិនិត្យឈាមនៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២៥នាក់ ខណៈអ្នកជំងឺ ៧០៥នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០,៧៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥,០៣០នាក់ និងស្លាប់សរុបចំនួន ៣៨០នាក់៕