បរទេស៖ ជនបរទេសទាំងអស់​ មិនមែនជាជនអន្ដោប្រវេសន៍ ដែលកំពុងរស់នៅលើទឹកដីថៃ នឹងត្រូវ​មានប្រាក់ធានារ៉ាប់រង (Insurance) យ៉ាងតិច៣លានបាត (ប្រាក់ថៃ) ឬ ១០០ ០០០ដុល្លារ សម្រាប់ទប់ស្កាត់នឹងជំងឺកូវីដ-១៩។

សារព័ត៌មានបាងកក បានចេញផ្សាយ នៅថ្ងៃទី១៦ ខែមិថុនា ថា នៅពេលខាងមុខ ជនបរទេសទាំងអស់ ​មិនមែនជាជនអន្ដោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ត្រូវតែបង្ហាញថា ពួកគេមានប្រាក់ធានារ៉ាប់រងយ៉ាងតិច៣លានបាត ឬស្មើនឹង១០០ ០០០ដុល្លារសហរដ្ឋអaមេរិក សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩។​ សំណើនេះត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី១៥ ខែមិថុនា។

លោកស្រី​ Traisuree Taisaranakul អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ បានបញ្ជាក់ថា ច្បាប់នេះនឹងអនុវត្ដតែទៅលើអ្នកកាន់ទិដ្ឋាការ មិនមែនជាជនអន្ដោប្រវេសន៍ (NIV) ។ រីឯ NIV នេះត្រូវបានប្រគល់ឲ្យសម្រាប់មនុស្ស៤ប្រភេទ រួមមាន អាពាហ៍ពិពាហ៍, ការងារ, ពាណិជ្ជកម្ម និងចូលនិវត្ដន៍។​ វិធានការថ្មីនេះធ្វើឡើង ស្របតាមវិសោធនកម្មលើបទប្បញ្ញត្ដិ ដែលត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្រ្ដី នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២០។​

លោកស្រី Traisuree Taisaranakul បានបន្ថែមថា បច្ចុប្បន្ន អ្នកកាន់ទិដ្ឋាការ NIV តម្រូវឲ្យមានប្រាក់ធានារ៉ាប់រង ត្រឹមតែ ៤០ ០០០បាត (ប្រាក់ថៃ) ឬស្មើនឹង ១ ២៨៥ដុល្លារអាមេរិក សម្រាប់ការព្យាបាល នៅខាងក្រៅមន្ទីរពេទ្យ ឬប្រាក់ ៤០០ ០០០បាត ស្មើនឹង ១២ ៨៥០ដុល្លារ សម្រាប់ព្យាបាល នៅក្នុងមន្ទីរពេទ្យ។​ ប៉ុន្ដែនៅថ្ងៃខាងមុខ អ្នកស្នើសុំ NIV ត្រូវតែបង្ហាញភ័ស្ដុតាង​ ពួកគេ​មានការ​ធានារ៉ាប់រង សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយប្រសិនបើពួកគេមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខុមាលភាព ឬធានារ៉ាប់រង ដែលគាំទ្រដោយរដ្ឋនោះ ការធានារ៉ាប់រងអប្បបរមា ក៏ត្រូវអនុវត្តដូចគ្នាដែរ។ រីឯអ្នកទាំងឡាយណា ដែលចង់បន្ត NIV ថ្មីរបស់ពួកគេ គឺមានសេរីភាព​ ក្នុងការទិញការធានារ៉ាប់រងពីបរទេស។​

ប្រសិនបើពួកគេទទួលបានការធានារ៉ាប់រង ដែលឧបត្ថម្ភដោយរដ្ឋ ពួកគេត្រូវតែបញ្ជូនឯកសារភស្តុតាង ​បញ្ជាក់ដោយស្ថានទូត ​នៃប្រទេសរបស់ពួកគេ ប្រចាំនៅទីក្រុងបាងកក ឬចេញដោយមន្រ្តីមានការអនុញ្ញាត ពីក្រសួងការបរទេស នៃប្រទេសកំណើតរបស់ពួកគេ។​ ប្រសិន បើមានអ្នកណាម្នាក់ ត្រូវបានគេបដិសេធពីការធានារ៉ាប់រងចាំបាច់ ចំពោះជំងឺកូវីដ​-១៩​ ដោយសារតែពួកគេត្រូវបានគេចាត់ទុកថា ជាក្រុម​មានហានិភ័យ ពួកគេត្រូវតែបង្ហាញឯកសារបដិសេធ ក៏ដូចជា ភស្តុតាង នៃសន្តិសុខហិរញ្ញវត្ថុ គណនីធនាគារ ឬការធានារ៉ាប់រងសុខភាពផ្សេងទៀត ដែលមានតម្លៃអប្បបរមា ១០០ ​០០០ ដុល្លារអាមេរិក។​

លោកស្រី  Traisuree បានបន្ដថា ចាប់តាំងពីគណៈរដ្ឋមន្រ្ដីអនុម័តនូវបទបញ្ជាថ្មីនេះ ជាគោលការណ៍ជំហានបន្ទាប់ គឺការិយាល័យអន្ដោប្រវេសន៍​ ត្រូវតែផ្សព្វផ្សាយឲ្យបានលម្អិត និងចេញជាផ្លូវការនូវបទបញ្ជានេះ។​ រីឯក្រសួងការបរទេស ក៏នឹងធ្វើការងារឲ្យរលូនលើនីតិវិធីសុំ NIV ហើយក្រសួងសុខាភិបាលសាធារណៈ និងក្រសួងមហាផ្ទៃ នឹងទទួលខុសត្រូវចំពោះបទប្បញ្ញាត្ដិពាក់ព័ន្ធ និងប្រាប់ដល់សាធារណជន អំពីបទប្បញ្ញត្ដិនេះ។​

លោកស្រី ​Traisuree  បានបន្ថែមថា បែបបទ NIV បច្ចុប្បន្នមានការខុសឆ្គង ដោយសារជនបរទេស ដែលមានអាយុជា៧០ មិនអាចទិញប័ណ្ណធានារ៉ាប់រង នៅក្នុងប្រទេសថៃបាន។ ករណីនេះបណ្ដាលឲ្យពួកគេ មិនមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ក្នុងការស្នាក់នៅ រយៈពេលយូរ នៅក្នុងព្រះរាជាណាចក្រអាស៊ានមួយនេះ៕​