បរទេស៖ រហូតមកដល់ពេលនេះ មានបងប្អូនស្រ្ដីជាច្រើន តែងតែមានការងឿងឆ្ងល់ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ តើការចាក់វ៉ាក់សាំងនេះអាចប៉ះពាល់ដល់ស្រ្ដីកំពុងពពោះ, ស្រ្ដីកំពុងបំបោះកូនដោយទឹកដោះ និងស្រ្ដីដែលមានគម្រោងចង់បានកូន ក្នុងពេលឆាប់ដែរឬទេ?​

បើតាមប្រភពពីមូលនិធិលើកកម្ពស់សុខភាពរបស់ថៃ (Thai Health Promotion Foundation) បានលើកជាសំណួរ និងចម្លើយ ដូចខាងក្រោម៖

សំណួរ៖ តើស្រ្ដីដែលមានបំណងចង់មានកូន អាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បានដែរឬទេ?

ចម្លើយ៖ ស្រ្ដីទាំងនោះអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បាន ព្រោះវ៉ាក់សាំងមិនបានបង្កផលប៉ះពាល់ដល់អ័រម៉ូន (Hormones)  ឬការមានកូននោះឡើយ (Fertility) ។​

សំណួរ៖ តើស្រ្ដីមានផ្ទៃពោះអាចចាក់វ៉ាក់បង្ការកូវីដ-១៩បានដែរឬទេ?​

ចម្លើយ៖ ស្ត្រីដែលមានផ្ទៃពោះលើសពី១២សប្តាហ៍ ពួកគាត់អាចទទួលបានការចាក់វ៉ាក់សាំង ខណៈ​អ្នកកំពុងពពោះតិចជាង១២សប្តាហ៍ នឹងត្រូវ​ទៅពិគ្រោះយោបល់ជាមួយនឹងក្រុមគ្រូពេទ្យ ជាមុនសិន។

សំណួរ៖ តើស្រ្ដីដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អាចបន្ដបំបៅដោះដល់ទារករបស់ពួកគាត់បានដែរឬទេ?​

ចម្លើយ៖ ស្រ្ដីទាំងនោះអាចបំបៅទារករបស់ពួកគាត់បាន ដោយមិនមានបញ្ហាអ្វីឡើយ៕