រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីវៀតណាម បានដាក់សាឡង់កាត់ទន្លេ ដើម្បីកុំឲ្យពលរដ្ឋវៀតណាម ដែលរស់នៅលើផ្ទះបណ្ដែតទឹកអាចឆ្លងចូលប្រទេសវៀតណាមវិញបាន ខណៈសមាគមវៀតណាមនៅកម្ពុជា ប្រកាសមិនឲ្យជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្ដែតទឹក ចូលប្រទេសវៀតណាមឡើយ ក្រោមហេតុផលដោយសារតែ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

យោងតាមប្រភពព័ត៌មានច្បាស់ការក្នុងស្រុកបានឲ្យដឹងថា មានបែត្រីចំនួន២ ទូកចំនួន២៤ និងមនុស្សជាង៦០នាក់ ប្រមាណ១៥គ្រួសារ បានធ្វើដំណើរចង់ឆ្លងដែនទៅវៀតណាម ប៉ុន្តែសមត្ថកិច្ច​វៀតណាម​នៅ​ច្រក​ព្រំដែន​ កោះរការ​ ខេត្ត​ ព្រៃវែង​ ដាក់សាឡង់កាត់ទន្លេមិនឲ្យពួកគេឆ្លងទៅប្រទេសកំណើតគេទេ ​ក្រោម​លេសថាខ្លាចឆ្លងកូវីដ​។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​ព្រំដែន​ច្រក​កោះ​រកា បាន​ព្យាយាម​ចូល​ទៅ​សួរនាំ និង​លួងលោម​អោយ​ជនជាតិ​វៀតណាម​ទាំងនោះ​បក​ត្រឡប់​ក្រោយ​ទៅ​ចត​រង់ចាំ​ជាមួយ​ក្រុម​ផ្ទះ​បែ​ត្រី​ដទៃ​ទៀត​នៅ​ចំណុច​ឃុំ​ខ្ពប​អា​ទាវ ក្នុងស្រុក​លើក​ដែក ដើម្បី​ងាយស្រួល​ចាត់ចែង​គ្រប់គ្រង ប៉ុន្តែ​ពួក​គេ​បាន​ប្រកែក​ដោយ​អះអាង​ទាមទារ​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេស​វៀតណាម​អោយ​ខាង​តែ​បាន ហើយ​បើ​មិន​ព្រមអោយ​ពួក​គេ​ចូល​ទៅ​ទេ​នោះ ពួក​គេ​សុខចិត្ត​ស្លាប់​នៅ​ព្រំដែន​នេះ​ទាំងអស់​គ្នា គឺ​មិន​ព្រម​បក​ត្រឡប់​ក្រោយ​ឡើយ ៕