រាជធានីភ្នំពេញ៖ បុរសម្នាក់ នៅសុខចង្រៃដៃអី បានបង្ហោះព័ត៌មានមិនពិត ថាមានជនជាតិចិនមួយក្រុមរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពទទួលកំហុសដែលបានផុសព័ត៌មានមិនពិត។

នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ ដែលជាព័ត៌មានមិនពិតថា មានជនជាតិមួយក្រុមមានគ្នា៥នាក់ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។ ជាក់ស្តែងបុរសម្ចាស់គណនី Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចថាជាព័ត៌មានមិនពិត មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែងធ្វើចត្តាឡីស័កនោះទេ។

ក្រុមជនជាតិចិននោះ គ្រាន់តែជិះរថយន្តមកទីនោះ ហើយឈប់រកកន្លែងបត់ជើងតូចតែប៉ុណ្ណោះ។ ជាមួយនោះដែរបុរសម្នាក់នេះ បានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសាធារណ: ដែលខ្លួនបានផុសព័ត៌មានមិនពិតនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។
ក្រោយពីធ្វើការសុំទោសរួចរាល់ សមត្ថកិច្ចបានអប់រំណែនាំឈ្មោះ អ៊ួង សារឿន រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ ៕