រដ្ឋធានីហាណូយ៖ បច្ចុប្បន្ន វៀតណាមបានស្រាវជ្រាវ និងបង្កើតឧបករណ៍ធ្វើតេស្ដស្វែងរកវីរុសកូវីដ-១៩ ប្រកបដោយជោគជ័យ ហើយកំពុងតែបន្ដស្រាវជ្រាវបង្កើតម៉ាស៊ីនជំនួយដកដង្ហើម និងបង្កើនល្បឿនលើការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩​។ នេះបើតាមសារព័ត៌មាន VOV ។

រហូតមកដល់ពេលនេះ វៀតណាមបានចាប់ផ្ដើមធ្វើតេស្ដសាកល្បងនូវវ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួន ឈានដល់ដំណាក់កាលទី៣ហើយ។ រីឯការសាកល្បងចុងក្រោយនេះ គឺវៀតណាមសង្ឃឹមថា នឹងទទួលបានជោគជ័យ ហើយនឹងឈានដល់ការផលិតវ៉ាក់សាំងនោះ នាពេលខាងមុខ។

​ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា វៀតណាមបានបង្កើតឧបករណ៍សម្រាប់តេស្ដកូវីដ-១៩របស់ខ្លួនប្រកបដោយជោគជ័យ។ បច្ចុប្បន្ន វៀតណាមកំពុងតែបន្ដ​ស្រាវជ្រាវលើការផលិតឧបករណ៍ជំនួយដកដង្ហើម (Ventilator) សម្រាប់ជាមធ្យោបាយព្យាបាលថ្មី។ ជាងនេះទៅទៀត វៀតណាមក៏កំពុងតែបោះជំហានទៅមុខលើការស្រាវជ្រាវ និងបង្កើតវ៉ាក់សាំងផលិត ដោយខ្លួនឯងផ្ទាល់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាម ក៏បានស្នើសុំដល់រដ្ឋាភិបាល ឲ្យបង្កើតមជ្ឈ​មណ្ឌលបញ្ជូនបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។​

លោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថា រដ្ឋាភិបាល​វៀតណាមចាំបាច់ត្រូវតែមានវ៉ាក់សាំងបង្ការកូវីដ -១៩គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន ចំនួន៧៥ លាននាក់ នៅក្នុងឆ្នាំនេះ ព្រោះថា ការចាក់វ៉ាក់សាំង ជាដំណោះស្រាយមូលដ្ឋាន​ មានរយៈពេលវែង ជាយុទ្ធសាស្ត្រ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩។

ឧបករណ៍ធ្វើតេស្ដស្វែងរកវីរុសកូវីដ-១៩នេះ ត្រូវបានបង្កើតឡើង ដោយសាកលវិទ្យាល័យវេជ្ជសាស្រ្ដយោធា​វៀតណាម និងក្រុមហ៊ុន Viet A Technologies ផ្ដល់មូលនិធិ ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងត្រូវបានអនុម័តឲ្យប្រើប្រាស់ ដោយក្រសួងសុខាភិបាលវៀតណាម។ ឧបករណ៍ទាំងនេះអាចរកឃើញកូរ៉ូណាបម្លែងខ្លួនថ្មី ក្នុងសំណាកតំណក់ទឹក ដែលទទួលបានពីបំពង់ផ្លូវដង្ហើម និង​ឈាម៕