បរទេស៖ ក្រោយពេលអ្នកទោស និងបុគ្គលិក នៅក្នុងពន្ធនាគារនានា នៅទូទាំងប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩កើនឡើងជាង១៥ ០០០នាក់នោះមក រដ្ឋាភិបាលថៃ បានអនុញ្ញាតផ្ដល់កញ្ចប់ថវិកា ជាង ៩,៩៣លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។

សារព័ត៌មានថៃ The Nation បានផ្សាយ នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ថា គណៈរដ្ឋមន្ដ្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានអនុម័តនូវថវិកា ចំនួន ៣១១,៦៥លានបាត (ប្រាក់ថៃ) ឬស្មើនឹង ៩ ៩៣២ ០៩៥ដុល្លារសហរដ្ឋអាមេរិក ពីកញ្ចប់ថវិកាកណ្ដាល ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣ នៃការឆ្លងកូវីដ-១៩ ដែលកំពុងតែវាយលុកចូលទៅក្នុងពន្ធនាគារ និងមន្ទីរឃុំឃាំងនានា នៅក្នុងប្រទេសថៃ។

បើតាមសារព័ត៌មានថៃ The Nation ​បានបន្ដថា នាយកដ្ឋានកែប្រែ នឹងប្រើប្រាស់នូវថវិកាទាំងនេះ សម្រាប់ចាត់ចែងលើវិធានការចំនួន៥ សម្រាប់គ្រប់គ្រងជំងឺឆ្លងនេះ៖​

១-ថវិកាចំនួន៨០លានបាត ឬស្មើនឹង ២ ៥៤៩ ៥៥១ដុល្លារ សម្រាប់ទិញឧបករណ៍តេស្ដកូវីដ-(100,000 RT PCR Covid-19 test kits)​។

២-ថវិកា៥១,៩៧លានបាត ឬស្មើនឹង ១ ៦៥៦ ២៥២ដុល្លារ គឺសាងសង់មន្ទីរពេទ្យ សម្រាប់អ្នកទោស ដែលឈឺធ្ងន់ នៅក្នុងទីក្រុងបាងកក និងនៅតំបន់ជុំវិញទីក្រុងនេះ​។​

៣-ថវិកាចំនួន ៩២,៦៨លានបាត ឬស្មើនឹង ២ ៩៤៣ ៦៥៥ដុល្លារ គឺចំណាយលើការសាងសង់មន្ទីរពេទ្យចំនួន១០ នៅក្នុងពន្ធនាគារ និងគ្រឹះស្ថានកែប្រែផ្សេងទៀត។

៤-​​ថវិកាចំនួន ៤៩,៨៣៥បាត ឬស្មើនឹង ១ ៥៨៨ ២១១ដុល្លារ សម្រាប់​ស្ថាបនា និងជួសជុលពន្ធនាគារ ចំនួន៦៥។​

៥-ថវិកា ៣៧,១៦៧បាត ឬស្មើនឹង ១ ១៨៤ ៤៨៩ដុល្លារ គឺទិញឧបករណ៍ការពារ សម្រាប់ពន្ធនាគារ និងមណ្ឌលកែប្រែ។​

ជាមួយគ្នានេះ នាយកដ្ឋានកែ​ប្រែកំពុងទាក់ទងទៅក្រសួងសុខាភិបាលសាធារណៈ ដើម្បីទទួលយកថ្នាំប្រឆាំងវីរុស Favipiravia សម្រាប់ព្យាបាលអ្នកទោសដែលឆ្លងមេរោគ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មានអ្នកទោស និងបុគ្គលិក នៅក្នុងពន្ធនាគារ នៅទូទាំងប្រទេស ជាង១៥ ០០០នាក់ បានឆ្លងកូវីដ-១៩៕