បរទេស៖ ការផ្ទុះឡើងនូវរលកទី៣ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ​ នាពេលនេះ កំពុងក្លាយជារឿងមួយដ៏លំបាក និងអាក្រក់បំផុត ជាពិសេស បញ្ហាហិរញ្ញវត្ថុ ដោយសារតែអាជីវកម្មជាច្រើន ត្រូវបានបង្ខំចិត្តបិទទ្វារសាជាថ្មី។ នេះបើតាមសារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ទោះ​ជាវីរុសប្រភេទ SARS-CoV-2 បានរាលដាលមកដល់ក្នុងប្រទេសថៃ ដោយមានដើមកំណើតចេញពីទីក្រុង Wuhan ប្រទេសចិន កាលពីខែមករា ឆ្នាំ២០២០ក៏ដោយ ក៏វីរុសបម្លែងខ្លួន នៅចក្រភពអង់គ្លេស ដែល​ឆ្លង និងសម្លាប់មនុស្សកើនឡើង​ រហូតដល់១,៧ដង បានបង្កជារលកទីបី នៅក្នុងខែមេសា ឆ្នាំ២០២១នេះ។ វីរុសនេះ​ត្រូវបានគេរកឃើញថា បានឆ្លងនៅកន្លែងកម្សាន្តជាច្រើន នៅក្នុងតំបន់ Thong Lor របស់ទីក្រុងបាងកក។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃ ហៅកាត់ CCSA  កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក៏បានរាយការណ៍ថា  ​វីរុសបម្លែងខ្លួននៅ​ប្រេស៊ីល ក៏ត្រូវបានរកឃើញ នៅក្នុងកន្លែង​ផ្សេងៗ​ផងដែរ។

មន្រ្ដីសុខាភិបាលថៃ កាលពីថ្ងៃទី២១ ខែឧសភា បានអះអាងថា កម្មករជាច្រើននាក់ធ្វើការ នៅក្នុងការដ្ឋា​នតំបន់ Lak Si ស្ថិតក្នុងទីក្រុងបាងកក បានឆ្លងវីរុសបម្លែងខ្លួន នៅឥណ្ឌា។​ បន្ទាប់មក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វីរុសបម្លែងខ្លួន នៅអាហ្វ្រិកខាងត្បូង ក៏ត្រូវបានរកឃើញលើអ្នកជំងឺជាច្រើន នៅក្នុងស្រុក Tak Bai ខេត្ត Narathiwat ផងដែរ៕