បរទេស៖ គេហទំព័រ The Royal Gazette នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានចេញផ្សាយ នូវក្រឹត្យបន្ទាន់មួយ ដោយអនុញ្ញាតឲ្យក្រសួងហិរញ្ញវត្ថុថៃ បន្ដខ្ចីថវិកាបន្ថែម សម្រាប់ដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ដែលរងផលប៉ះពាល់​ពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩។​

ក្រឹត្យបន្ទាន់នេះចែងថា ថវិកាត្រូវ​ខ្ចីនោះ មិនត្រូវលើសពី៥០០ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹងជាង១៥,៩៣ពាន់លាន (១៥ ៩៣៤ ៦៩៥ ៨២២)ដុល្លារសហរដ្ឋអាមេរិក។​ ថវិកាទាំងនោះ មានគោលបំណងផ្ដល់នូវជំនួយចំបាច់ និងចេញថ្លៃសំណងដល់មុខរបររបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីរលកថ្មី នៃការរាតត្បាតពីជំងឺកូវីដ-១៩។​

​ប្រភពព័ត៌មានពីក្រសួងហិរញ្ញវត្ថុថៃ បានឲ្យដឹងថា ថវិកាដែលត្រូវខ្ចីបន្ថែម ចំនួន ៥០០ពាន់លានបាត ឬស្មើនឹងជាង១៥,៩៣ពាន់លានដុល្លារអាមេរិកនោះ នឹងយកមកបម្រុងទុកប្រើប្រាស់ លើគោលដៅអាទិភាព ចំនួន៣ រួមមាន៖

១-ថវិកា៣០ពាន់លានបាត ឬស្មើនឹង ៩៥៦ ០៨១ ៧៤៩ដុល្លារអាមេរិក៖ ប្រើប្រាស់សម្រាប់ការទិញឱសថនានា, វ៉ាក់សាំងបង្ការកូវីដ-១៩,សម្ភារវេជ្ជសាស្រ្ដ ក៏ដូចជា ការប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំងក្នុងស្រុក ដែលផលិត និងការចំណាយពាក់ព័ន្ធនឹងផ្នែកវេជ្ជសាស្រ្ដដទៃទៀត។​

២-ថវិកាចំនួន៣០០ពាន់លានបាត ឬស្មើនឹង ៩ ៥៦០ ៨១៧ ៤៩៣ដុល្លារអាមេរិក៖ ប្រើប្រាស់សម្រាប់​ផ្តល់​ជូនថវិកា ​ជួយកាត់បន្ថយនូវបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ​-១៩នេះ។​

៣-ថវិកា១៧០ពាន់លានបាត ឬស្មើនឹងជាង៥,៤១ពាន់លាន (៥ ៤១៧ ៧៩៦ ៥៧៩) ដុល្លារអាមេរិក៖ ប្រើប្រាស់សម្រាប់ការជំរុញសេដ្ឋកិច្ច, ការបង្កើតការងារ  និងការលើកកម្ពស់លើការវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិរាតត្បាត ត្រូវបានដោះស្រាយរួចរាល់។

គណៈរដ្ឋមន្រ្ដី នៃរដ្ឋាភិបាលថៃ កាលពីពេលកន្លងមកនេះ ធ្លាប់​អនុម័តឲ្យឲ្យក្រសួងហិរញ្ញវត្ថុខ្ចីលុយ រហូតដល់៧០០ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹង២២,២៤ពាន់លានដុល្លារអាមេរិក សម្រាប់ដោះស្រាយផលប៉ះពាល់ពីវិបត្ដិកូវីដ-១៩ម្ដងរួចមកហើយ។​

សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី១៨ ខែឧសភា បានផ្សាយថា គណៈរដ្ឋមន្រ្ដីថៃបានអនុម័តតាមសំណើរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីខ្ចីថវិកា ចំនួន៧០០ពាន់លានបាត (ជាង២២,២៤ពាន់លានដុល្លារអាមេរិក) ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្ដិកូវីដ-១៩។ នេះជាលុយខ្ចីបន្ថែមទៅលើកញ្ចប់ថវិកាកម្ចី កាលពីមុន ចំនួន១លានលានបាត ឬស្មើនឹងជាង៣១,៧៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។​

ក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងថា ក្រសួងមានការចាំបាច់ សម្រាប់ការខ្ចីថវិកា ចំនួន៧០០ពាន់លានបាតបន្ថែមទៀត ដោយសារ​​ថវិកានៅសល់តែ ចំនួន១៨០ពាន់លានបាត ឬស្មើនឹងជាង៥,៧២ពាន់លានដុល្លារអាមេរិក នៃថវិកាកម្ចីពីមុន ចំនួន១លានលានបាត (ជាង៣២ពាន់លានដុល្លារ)។​ ​ដោយឡែកថវិកាសល់ចំនួន ១៨០ពាន់លាន (ជាង៥,៧ពាន់លានដុល្លារអាមេរិក)នោះ គឺ១៥០​ពាន់លានបាត ស្មើនឹងជាង ៤,៧៦ពាន់លានដុល្លារអាមេរិក ​នឹងចាត់ចែងទៅលើកិច្ចការសាធារណៈ ដើម្បីជួយដោះស្រាយនូវ​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយ៣០ពាន់លានបាត (ជាង៩៥៣លានដុល្លារ) នឹងផ្ដល់ដល់ក្រសួងសុខាភិបាលសាធារណៈ។​

ក្រសួងហិរញ្ញវត្ថុថៃ បាន​បញ្ជាក់ថា ក្នុងទំហំទឹកប្រាក់កម្ចី ចំនួន៧០០ពាន់លានបាត ឬស្មើនឹង ២២,២៤ពាន់លានដុល្លារនោះ គឺ៥០០ពាន់លានបាត ឬស្មើនឹងជាង១៥,៨៩ពាន់លានដុល្លារនឹងយកទៅដោះស្រាយបញ្ហាវិបត្ដិកូវីដ-១៩។ ដោយឡែកថវិកានៅសល់២០០ពាន់លានបាត ឬស្មើនឹងជាង៦,៣៥ពាន់លានដុល្លារ នឹងយកទៅដោះស្រាយ​លើបញ្ហាការប្រមូលចំណូលទាបជាងគោលដៅ ក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២៕