បរទេស៖ លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី២៤ ខែឧសភា បានបង្ហាញខ្លួន នៅក្នុងតុលាការមីយ៉ាន់ម៉ាជាលើកដំបូង ចាប់តាំងពី​ពួកកងទ័ពភូមាធ្វើរដ្ឋប្រហារយោធា​ចាប់ខ្លួនលោកស្រី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។

មេធាវី Thae Maung Maung បានបញ្ជាក់ថា សុខភាពរបស់លោកស្រី Aung San Suu Kyi គឺល្អធម្មតា ហើយលោកស្រីបានជួបផ្ទាល់ជាមួយក្រុមមេធាវីរបស់លោកស្រី រយៈពេល ៣០នាទី មុនពេលជំនុំជម្រះក្ដីដំណើរការ។ លោកស្រី Aung San Suu Kyi ប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ក្នុងនោះមានការរំលោភច្បាប់សម្ងាត់របស់រដ្ឋ តាមអ្វីដែលពួកយោធាលើកឡើង។

​មីយ៉ាន់ម៉ា (ភូមា) បានធ្លាក់ចូលទៅកក្នុងវិបត្ដិនយោបាយកាន់តែជ្រៅទៅ ចាប់តាំងពីពួកយោធាបានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១ ខែកុម្ភៈ  ហើយបានចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល និងថ្នាក់ដឹកនាំគណបក្ស NLD ក្រោមការចោទប្រកាន់ពីបទលួចបន្លំសន្លឹកឆ្នោត។ ក្រោយពេល​គ្រប់គ្រងប្រទេសជាបណ្តោះអាសន្ននោះមក កងទ័ពមីយ៉ាន់ម៉ា ក៏បានប្រកាសអំពីស្ថានភាពអាសន្នពេញមួយឆ្នាំ ហើយបានសន្យាថា ពួកគេនឹងរៀបចំការបោះឆ្នោត និងផ្ទេរអំណាចផងដែរ។

ទោះជាយ៉ាងណា ក្រោយពេលរដ្ឋប្រហារនោះមក ពួកយោធាបានបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករ ដែលគ្មានអាវុធ នៅក្នុងដៃ បណ្ដាលឲ្យមានមនុស្សស្លាប់កើនឡើងដល់ជាង៨០០នាក់។ ដោយឡែកអ្នកពាក់ព័ន្ធរាប់ពាន់នាក់ផ្សេងទៀត កំពុងជាប់ឃុំឃាំង។ ក្រោយពេលពួកយោធាធ្វើរដ្ឋប្រហារនោះមក បានធ្វើឲ្យក្រុមជនជាតិភាគតិចងើបឡើង ប្រឆាំងនឹងរបបសឹក នៅក្នុងប្រទេសនេះកាន់តែខ្លាំងឡើង៕​