បរទេស៖ ក្រោយពេលប្រទេសប៊ែឡារុសបានបញ្ជូនយន្ដហោះចម្បាំង ទៅដេញស្ទាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង នៅលើដែនអាកាសរបស់សហភាពអឺរ៉ុប ហើយបង្ខំឲ្យចុះចត នៅក្នុងទីក្រុងមីនស្គ៍ (Minsk) កាលពីថ្ងៃអាទិត្យ ទី២៣ ខែឧសភា ហើយចាប់ខ្លួនអ្នកកាសែតនោះមក សហភាពមួយនេះបានសម្រេចដាក់បម្រាមដល់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសប៊ែឡារុស ហោះហើរ នៅលើដែនអាកាសរបស់អឺរ៉ុប។

ក្រុមមេដឹកនាំ មកពីរដ្ឋសមាជិកសហភាពអឺរ៉ុប ចំនួន២៧ បានជួបប្រជុំគ្នា នៅក្នុងទីក្រុងប៊្រុចស៊ែល ហើយ​បានប្រាប់ដល់ក្រុមហ៊ុនអាកាសចរណ៍របស់អឺរ៉ុបទាំងអស់ មិនឲ្យ​ហោះហើរ ឆ្លងកាត់ប្រទេសប៊ែឡារុសនោះឡើយ។ ជាមួយគ្នានេះ មេដឹកនាំ នៃបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្សេងទៀត ប្រឆាំងនឹងប្រទេសប៊ែឡារុស​បន្ថែមទៀត។​

ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបបែបនេះ បានកើតឡើង ក្រោយពេលប្រធានាធិបតី នៃប្រទេសប៊ែឡារុស ​បានបញ្ជាឲ្យយន្ដហោះចម្បាំងមួយគ្រឿង ដេញស្ទាក់យន្ដហោះដឹកអ្នកដំណើរ លេខហោះហើរលេខ FR4978 របស់ក្រុមហ៊ុន Ryanair ដោយបង្ខំឲ្យចុះចត នៅក្នុងរដ្ឋធានី Minsk ប្រទេសប៊ែឡារុស។ មុនដំបូងភ្នាក់ងារចារកម្មរបស់ប្រទេសប៊ែឡារុស បានប្រើល្បិចទាក់ទងទៅកាន់អាកាសយានិកថា យន្ដហោះរបស់ក្រុមហ៊ុនមានការបង្គាប់គ្រាប់បែក ហើយត្រូវតែចុះចតជាបន្ទាន់។ បន្ទាប់មក យន្ដហោះចម្បាំងរបស់ប្រទេសនេះ បានហោះទៅអម ហើយបង្ខំឲ្យ​ចុះចត នៅក្នុងទីក្រុង Minsk ។

ក្រោយពេលចុះចតហើយ អាជ្ញាធរប៊ែឡារុសបានបង្ខំឲ្យអ្នកដំណើរចាកចេញពីយន្ដហោះ រួចហើយអនុញ្ញាតឲ្យឡើង​យន្ដហោះនោះវិញ បន្ទាប់ពីអាជ្ញាធរបានចាប់អ្នកកាសែតប្រឆាំងរបស់ប្រទេស​ប៊ែឡារុសរួចហើយ។​

លោក Roman Protasevich វ័យ២៦ឆ្នាំ ជានិពន្ធនាយកកាសែតប្រឆាំងដ៏ល្បីល្បាញ នៅក្នុងប្រទេសប៊ែឡារុស បានធ្វើដំណើរតាមជើងយន្ដហោះខាងលើ ចេញពីប្រទេសក្រិក ឆ្ពោះទៅប្រទេស Lithuania ដែលរដ្ឋាភិបាលប៊ែឡារុសប្រើល្បិច អំពីការគំរាមកំហែងដាក់គ្រាប់បែក ដើម្បីបង្ខំយន្ដហោះ​ចុះចត។​

ប្រទេសលោកខាងលិច បានចោទប្រកាន់ដល់ប្រទេសប៊ែឡារុស អំពីការស្ទាក់វាយប្រហារទៅលើយន្ដហោះ Ryanair នោះ។​ រីឯឃ្លឹបវីដេអូមួយបានបង្ហាញរូបលោក Protasevich ហាក់ដូចជាត្រូវបានគេថតទុក នៅក្រោមផ្ទះ ចាប់តាំងពីគាត់ត្រូវបានឃុំខ្លួន នៅក្នុងអាកាសយានដ្ឋាន Minsk ។ រីដេអូនេះបានចេញ កាលពីល្ងាច ថ្ងៃចន្ទ ទី២៤ ខែឧសភា ហើយអ្នកកាសែតរូបនោះ​ បានថ្លែងថា ​គាត់មានសុវត្ថិភាព ហើយហាក់បីដូចជាសារភាព ចំពោះបទឧក្រិដ្ឋ ដោយគាត់ត្រូវបានចោទប្រកាន់ពីប្រទេសប៊ែឡារុស។​​ អ្នកកាសែតរូបនេះបានចេញមុខប្រឆាំងនឹងប្រធានាធិបតីផ្ដាច់ការ ទើបបណ្ដាលឲ្យរដ្ឋាភិបាលប៊ែឡារុស ចោទប្រកាន់ជាច្រើនករណី។

ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក​ បានបរិយាយអំពីសកម្មភាពរបស់អាជ្ញាធរប៊ែឡារុស​ថា នេះជារឿងគួរឲ្យស្អប់ខ្ពើម ដោយ​បាននិយាយថា អាជ្ញាធរប៊ែឡារុសជាអ្នកវាយប្រហារដ៏គួរឲ្យអាម៉ាស់ ចំពោះការ​ប្រឆាំងនឹងអ្នកនយោបាយ និងសេរីភាពសារព័ត៌មាន»៕