រដ្ឋធានី BAMAKO៖​ កងទ័ពម៉ាលី បានចាប់ឃុំខ្លួនប្រធានាធិបតី នាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីក្រសួងការពារជាតិ អស់រយៈពេលជាច្រើនម៉ោងកន្លងមកហើយ បន្ទាប់ពីការរុះរើរដ្ឋាភិបាលមួយ ដែលបានរក្សាទុកសមាជិក នៃរបបយោធាចំនួន២រូប ដែលបានកាន់កាប់អំណាច នៅក្នុងរដ្ឋប្រហារមួយ កាលពី៩ខែមុន។ នេះបើតាមសារព័ត៌មាន India Today ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។​

សារព័ត៌មានប៉ាងកកប៉ុស្ដិ៍ បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ថា ក្រុមមន្រ្តីម៉ាលី ដែលតូចចិត្តនឹងការរុះរើរដ្ឋាភិបាល បានចាប់​ខ្លួនប្រធានាធិបតី និងនាយករដ្ឋមន្រ្តី នាំទៅឃុំឃាំង​នៅក្នុងមូលដ្ឋានកងទ័ពមួយ នៅខាងក្រៅរដ្ឋធានី BAMAKO ។ សកម្មភាពរបស់ពួកយោធានេះ ត្រូវបានអន្ដរជាតិថ្កោលទោស និង​ទាមទារឲ្យ​ដោះលែងមន្រ្ដីជាន់ខ្ពស់ម៉ាលីទាំងនោះជាបន្ទាន់។​

លោក Bah Ndaw ប្រធានាធិបតី និងលោក Moctar Ouane នាយករដ្ឋមន្ដ្រីកំពុងតែដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន​មួយដែលត្រូវបាន​បង្កើតឡើង ក្រោមការគំរាមកំហែង ពីការដាក់ទណ្ឌកម្មនៅក្នុងតំបន់ បន្ទាប់ពីការដាក់ទណ្ឌកម្ម កាលពីខែសីហា ហើយ​មានការចាប់ឃុំខ្លួន កាលពីថ្ងៃចន្ទ ទី២៤ ខែឧសភា ទើបបានបង្កើនការភ័យខ្លាច ចំពោះការធ្វើរដ្ឋប្រហារជាលើកទី ២។​

មន្រ្ដីជាន់ខ្ពស់២រូប សុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន  AFP ថា ក្រុមទាហានបានចាប់លោក​ Ndaw ប្រធានាធិបតី និងលោក ​Ouane នាយករដ្ឋមន្ត្រីម៉ាលី ទៅកាន់មូលដ្ឋានកងទ័ព Kati នៅជាយរដ្ឋធានី Bamako ប្រទេសម៉ាលី។ ការចាប់ឃុំខ្លួនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលម៉ាលីនេះ បានធ្វើឡើង ក្រោយពេលមានការរុះរើរដ្ឋាភិបាលដ៏រសើបមួយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែឧសភា ដែលត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការរិះគន់កាន់តែខ្លាំងលើរដ្ឋាភិបាលបណ្តោះអាសន្ន។​

ដោយឡែកក្រុមយោធា​នៅតែចង់រក្សាអំណាចខ្លួន ដែលបានគ្រប់គ្រង ​នាអំឡុងពេលរដ្ឋបាលមុន ក្នុងពេលរុះរើរដ្ឋាភិបាលនោះ។​ មេដឹកនាំរដ្ឋប្រហារ២រូប គឺលោក  Sadio Camara អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងលោកវរសេនីយ៍ Modibo Kone អតីតរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ត្រូវដាក់ជំនួសតំណែងនេះ។​

ក្រុមមេដឹកនាំរដ្ឋប្រហារ និងនាយទាហានបានប្រើឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់លើរដ្ឋាភិបាល ដោយធ្វើឱ្យមានការសង្ស័យលើការសន្យារៀបចំការបោះឆ្នោត នៅដើមឆ្នាំក្រោយនេះ។​ ការរុះរើរដ្ឋាភិបាលនេះ បានកើតឡើង ចំពេលមានបញ្ហាប្រឈមផ្នែកនយោបាយ ដែលកំពុងកើនឡើង នៅក្នុងរដ្ឋធានីបាម៉ាកូ និង​រងសម្ពាធពីការកំណត់ពេលវេលា សម្រាប់កំណែទម្រង់៕