បរទេស៖ ឥណ្ឌា ជាប្រទេសផលិតវ៉ាក់សាំងដ៏ធំបំផុត សម្រាប់ផ្គត់ផ្គង់ នៅលើពិភពលោក ប៉ុន្ដែ​ដោយសារការផ្ទុះវីរុសកូវីដ-១៩កាន់តែខ្លាំងឡើង នៅក្នុងប្រទេសដែលមានប្រជាពលរដ្ឋច្រើនបំផុតលំដាប់ទី២របស់ពិភពលោក ហើយមិនមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋនោះ ទើបក្រសួងសុខាភិបាល បានចេញមកអះអាងថា ឥណ្ឌាមិនអាចផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ទាន់ ក្នុងពេលភា្លមៗនេះទេ។ នេះបើតាមការចេញផ្សាយរបស់ India Today ។

លោក Lav Agarwal រដ្ឋមន្រ្ដីក្រសួងសុខាភិបាលឥណ្ឌា បានថ្លែងថា «វ៉ាក់សាំងបង្ការកូវីដ-១៩មិនអាចផលិតបានភ្លាមៗនោះទេ។ ការផលិតនឹងត្រូវចំណាចពេលវេលាសមរម្យ សម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ចែកជូនដល់រដ្ឋទាំងអស់របស់ប្រទេសឥណ្ឌា»។

លោក Lav Agarwal បានបញ្ជាក់ កាលពីថ្ងៃទី២៤ ខែឧសភា​ថា «មិនមែនវ៉ាក់សាំងទាំងអស់ ដែលផលិត នៅក្នុងប្រទេសឥណ្ឌា អាចផលិតបានភ្លាមៗ សម្រាប់ចែកចាយនោះដែរ»។ លោក Agarwal បានថ្លែងបែបនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការខ្វះចន្លោះ រវាងការផលិតវ៉ាក់សាំង និងលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំង នៅក្នុងប្រទេសឥណ្ឌា។​

លោករដ្ឋមន្រ្ដីបានបន្ថែមថា «​យើងចាំបាច់ត្រូវតែយល់ដឹងអំពីបញ្ហានេះ នៅក្នុងវិធី២យ៉ាង គឺការផលិត ហើយបន្ទាប់មក គឺលទ្ធភាព នៃវ៉ាក់សាំង នៅក្នុងវិស័យនេះ។ ប្រសិនបើវ៉ាក់សាំង Covishield ចំនួន ៦៥ ០០០ ០០០លានដូស (6.5 crore [doses] of Covishield) កំពុងដំណើរការផលិត ហើយជាមធ្យម នៃវ៉ាក់សាំង Covaxin ចំនួន ១៥ ០០០ ០០០ដូស(1.5 crore [doses]​ត្រូវបានផលិតក្នុងខែនេះ ប្រសិនបើការផលិត​នេះមានវ៉ាក់សាំងត្រឹមតែ ចំនួន៨០ ០០០ ០០០ដូស គឺចំនួនសរុប ​មិនអាចផ្គត់ផ្គង់បានភ្លាមៗឡើយ។​

លោក Lav Agarwal បានបន្ដថា “ករណីនេះមានដំណើរការពាក់ព័ន្ធ ក្នុងការធានាដល់លទ្ធភាពរបស់វា។ បន្ទាប់ពីការផលិតរួច ការសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាព ក៏ត្រូវបានធ្វើ ដោយ​ចំណាយពេលប្រហែលមួយសប្តាហ៍។ ក្រោយមកវ៉ាក់សាំង​ទាំងនេះត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឱសថ (CDL) ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង Kasauli ស្ថិតក្នុងរដ្ឋ Himachal Pradesh ដើម្បីធ្វើតេស្តិ៍។ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តហើយ ទើបវ៉ាក់សាំងទាំងនេះ ត្រូវ​បញ្ជូនទៅតាមបណ្តាញសម្រាប់ផ្គត់ផ្គង់ នៅក្នុងប្រទេសឥណ្ឌា។​

លោករដ្ឋមន្រ្ដីបានបន្ថែមថា «វាអាចចំណាយពេលយ៉ាងតិច ចន្លោះពី៨-១០ថ្ងៃ មុនពេលវ៉ាក់សាំងទាំងនេះ ទៅដល់គោលដៅរបស់វា​។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យការផលិតវ៉ាក់សាំង មិនអាចធ្វើបានភ្លាមៗ សម្រាប់ការផ្គត់ផ្គង់ដល់រដ្ឋទាំងអស់របស់ឥណ្ឌា​»៕​