បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ថយចុះមកនៅត្រឹមជិត២០០ ០០០នាក់ ប៉ុន្ដែចំនួនអ្នកបាត់បង់ជីវិត ដោយសារជំងឺដ៏កាចសាហាវនេះ នៅតែបន្ដមានចំនួនច្រើនដដែល។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថា ឥណ្ឌាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៩៥ ៨១៥នាក់ និងករណីស្លាប់ថ្មី ចំនួន ៣ ៤៩៨នាក់។ គិតត្រឹមវេលាខាងលើនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ សរុប ២៦ ៩៤៧ ៤៩៦នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ២៤ ០៤៧ ៧៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន២ ៥៩២ ៤៨៧នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៨ ៩៤៤នាក់។ ដោយឡែកអ្នកជំងឺ ចំនួន ៣០៧ ២៤៩នាក់ផ្សេងទៀត បានបាត់បង់ជីវិត។

បច្ចុប្បន្ន ឥណ្ឌាក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃច្រើនជាងគេបំផុត នៅលើពិភពលោក។ ប៉ុន្ដែបើនិយាយអំពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ សរុប គឺឥណ្ឌាឈរក្នុងលំដាប់លេខ២ នៃប្រទេសមានអ្នកឆ្លងច្រើនបំផុត នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕