បរទេស៖ ក្រុមអ្នករត់ម៉ារ៉ាតុងជិត២០០នាក់ នាំគ្នាចូលរួមក្នុងព្រឹត្ដិការណ៍រត់ម៉ារ៉ាតុងចម្ងាយឆ្ងាយ នៅក្នុងក្រុង Jingtai ​, ខេត្ដ Gansu នាភាគពាយព្យ ប្រទេសចិន បានជួបនឹងអាកាសធាតុដ៏អាក្រក់ខ្យល់ និងភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមនុស្សចំនួន២១នាក់បាត់បង់ជីវិត ហើយករណីនេះបានបង្កឲ្យសាធារណជន​ខឹងសម្បាយ៉ាងខ្លាំង កាលពីថ្ងៃទី២៣ ខែឧសភា ជុំវិញការមិនមានផែនការទប់ទល់គ្រប់គ្រាន់។​

សារព័ត៌មាន TNP បានផ្សាយ ថា ការរត់ប្រណាំង ចម្ងាយ១០០គីឡូម៉ែត្រ បានចាប់ផ្ដើម នៅក្នុងទីក្រុង Baiyun  កាលពីថ្ងៃទី២២ ខែឧសភា ​នៅលើផ្លូវមួយដែលនឹងធ្វើឱ្យអ្នករត់ឆ្លងកាត់តាមភ្នំ និង​នៅលើខ្ពង់រាប នៅក្នុង​កម្ពស់ជាង១ ០០០ ម៉ែត្រ។ រីឯការរត់ប្រណាំងក៏បានចាប់ផ្តើម នៅវេលាម៉ោង៩ព្រឹក ដោយមានអ្នករត់ប្រណាំង ចំនួន១៧២នាក់ ហើយភាគច្រើនពាក់អាវយឺត និងខោខ្លី។​

ក្រុមមន្រ្តីអ្នករៀបចំព្រឹត្ដិការណ៍នោះ បាននិយាយថា នៅវេលាជិត​ថ្ងៃត្រង់ ក្រុមអ្នករត់តាមតំបន់ បានរងពីការ​វាយប្រហារ ពី​ព្យុះព្រឹល និងទឹកភ្លៀងយ៉ាងខ្លាំង បណ្តាលឱ្យសីតុណ្ហភាពធ្លាក់ចុះ ហើយនៅតំបន់ Jingtai សីតុណ្ហភាពបានចុះមកដល់៦អង្សាសេ ​។

អ្នកស្រី Mao Shuzhi ដែលកំពុងរត់ប្រណាំង ចម្ងាយ២៤គីឡូម៉ែត្រ នាពេលនោះ បាននិយាយថា ​ភ្លៀងធ្លាក់មកកាន់តែខ្លាំងឡើងៗ ហើយដោយសារភាពរងារញាក់ញ័រ​នោះ ទើបធ្វើឲ្យនាង​សម្រេចចិត្តវិលត្រលប់ក្រោយ មុនពេលក្រុមរត់នៅផ្នែក​មានកម្ពស់ខ្ពស់ ដែលមិនមានបទពិសោធន៍​​វិលត្រឡប់ថយក្រោយ។ រីឯអ្នករត់សរសេរតាមបណ្ដាញសង្គម WeChat ទៅកាន់ក្រុម ឲ្យដឹងពីអាកាសធាតុដ៏អាក្រក់នេះ។​

អ្នកស្រី Mao បានបញ្ជាក់ថា «ក្រោយមក ខណៈខ្ញុំឃើញខ្យល់ និងភ្លៀងធ្លាក់ខ្លាំង តាមបង្អូចបន្ទប់សណ្ឋាគាររបស់ខ្ញុំ ទើបខ្ញុំមានអារម្មណ៍ថា សំណាងណាស់​ដែលបានសម្រេចចិត្តត្រឡប់ក្រោយវិញ»៕